ព័ត៌មានអន្តរជាតិ

លោក Zelensky អះអាងថា អ៊ុយក្រែន នឹងអឺរ៉ុប នឹងចូលរួមគ្នា ធ្វើការកែប្រែផែនការសន្តិភាព

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយ កាលពីថ្ងៃចន្ទថា ទីប្រឹក្សាសន្តិសុខជាតិ នៃប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសនៅអឺរ៉ុប នឹងធ្វើការរួមគ្នា លើការកែប្រែកំណែ ចុងក្រោយ នៃផែនការសន្តិភាព ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន។

នៅពេលឆ្លើយសំណួរ របស់អ្នកកាសែតនៅលើ WhatsApp កាលពីថ្ងៃចន្ទ លោក Zelensky បាននិយាយថា គាត់គិតថាផែនការនេះ នឹងរួចរាល់នៅល្ងាចថ្ងៃអង្គារ ។ លោក​បាន​បន្ថែម​ថា ​៖ ​យើង​នឹង​ពិនិត្យ​មើល​វា​ម្ដង​ទៀត ហើយ​បញ្ជូន​វា​ទៅ​សហរដ្ឋ​អាមេរិក ។

លោក Zelensky បាននិយាយថា ផែនការនេះត្រូវបានកាត់បន្ថយមកត្រឹម២០ចំណុចប៉ុណ្ណោះដោយបើកចំហ ចំណុចដែលមិនគាំទ្រអ៊ុយក្រែន ត្រូវបានដកចេញពីវា ប៉ុន្តែការសម្របសម្រួល មិនទាន់ត្រូវបានរកឃើញលើបញ្ហាទឹកដីនៅឡើយ។

លោកZelensky បានគូសបញ្ជាក់ ពីសារៈសំខាន់ នៃបទប្បញ្ញត្តិ នៃផែនការនេះទាក់ទង នឹងការផ្តល់មូលនិធិ សម្រាប់ការកសាងឡើងវិញ និងការធានាសន្តិសុខរបស់ប្រទេស អ៊ុយក្រែន។

លោកបាននិយាយថា ៖ការធានាសន្តិសុខខ្លាំងបំផុត ដែលយើងអាចទទួលបានគឺមកពីសហរដ្ឋអាមេរិក។ ជាការពិតណាស់ ប្រសិនបើពួកគេ  មិនមែនជា ការសន្យាទទេទេ ប៉ុន្តែមានកាតព្វកិច្ចស្របច្បាប់ ត្រូវបានបោះឆ្នោត នៅក្នុងសភាសហរដ្ឋអាមេរិក ៕

ប្រែសម្រួល៖ស៊ុនលី

To Top