មេដឹកនាំប្រទេសចំនួន៤ ជួបពិភាក្សាគ្នា នៅទីក្រុងឡុងដ៍ ស្តីពីសន្តិភាពអ៊ុយក្រែន
ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានជួបជាមួយប្រធានាធិបតី អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនាស្គី ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដើម្បីពិភាក្សាអំពីសន្តិភាពអ៊ុយក្រែន។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋាភិបាលអង់គ្លេស បន្ទាប់ពីកិច្ចប្រជុំ មេដឹកនាំបានគូសបញ្ជាក់ពីតម្រូវការសម្រាប់ «សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន» ដែលរួមបញ្ចូលទាំងការធានាសន្តិសុខ។
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា លោក Merz បានឧ្យដឹងមុនកិច្ចប្រជុំថា លោក «មានការសង្ស័យ ចំពោះព័ត៌មានលម្អិតមួយចំនួន ដែលយើងកំពុងឃើញនៅក្នុងឯកសារដែលមកពីភាគីសហរដ្ឋអាមេរិក ប៉ុន្តែយើងត្រូវនិយាយអំពីវា»។
នៅថ្ងៃសៅរ៍ គណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានបញ្ចប់កិច្ចពិភាក្សា រយៈពេលបីថ្ងៃនៅទីក្រុងម៉ៃអាមី រដ្ឋ Florida ដោយផ្តោតលើបញ្ហាទឹកដី និងការធានាសន្តិសុខ របស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន នេះបើយោង តាមប្រព័ន្ធផ្សព្វផ្សាយអនឡាញ របស់សហរដ្ឋអាមេរិក Axios៕
