លោក វ៉ាង យី ៖ ការគាំទ្រ ឯករាជ្យភាពតៃវ៉ាន់ រំលោភលើរដ្ឋធម្មនុញ្ញចិន និងច្បាប់អន្តរជាតិ
ប៉េកាំង៖ ការប៉ុនប៉ងស្វែងរក «ឯករាជ្យភាពតៃវ៉ាន់» មានន័យថា ការបែងចែកទឹកដីរបស់ចិន និងការគាំទ្រ «ឯករាជ្យភាពតៃវ៉ាន់» គឺស្មើនឹងការជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ដែលរំលោភលើរដ្ឋធម្មនុញ្ញចិន និង ច្បាប់អន្តរជាតិ នេះបើយោងតាមការលើកឡើង របស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី ។
លោក វ៉ាង យី ដែលក៏ជាសមាជិក នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់បែបនេះ នៅពេលធ្វើកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul ដែលក្នុងអំឡុងពេលនោះ លោក វ៉ាង យីបានពន្យល់លម្អិតអំពីការពិតប្រវត្តិសាស្ត្រ និងមូលដ្ឋានគ្រឹះផ្នែកច្បាប់ទាក់ទងនឹងបញ្ហាតៃវ៉ាន់។
លោកបានសង្កត់ធ្ងន់ថា តៃវ៉ាន់ ជាផ្នែកមួយនៃប្រទេសចិនតាំងពីសម័យបុរាណមកម្ល៉េះ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេចក្តីប្រកាសទីក្រុងគែរដែលចេញក្នុងឆ្នាំ១៩៤៣ បានបញ្ជាក់យ៉ាងច្បាស់ថា ទឹកដីទាំងអស់ដែលជប៉ុនបានលួចពីប្រទេសចិន ដូចជាតៃវ៉ាន់ គួរតែត្រូវបានប្រគល់ជូនប្រទេសចិនវិញ។
មាត្រា ៨ នៃសេចក្តីប្រកាស Potsdam ដែលចេញរួមគ្នាដោយប្រទេសចិន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពសូវៀតក្នុងឆ្នាំ១០៤៥ បានចែងថា លក្ខខណ្ឌនៃសេចក្តីប្រកាសទីក្រុងគែរនឹងត្រូវអនុវត្ត៕
ប្រែសម្រួល ឈូក បូរ៉ា
