ព័ត៌មានអន្តរជាតិ

​ អ៊ុយក្រែន និងអឺរ៉ុប​ នឹងធ្វើការរួមគ្នា លើវិសោធនកម្ម ផែនការសន្តិភាព

គៀវ៖​ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី បានឧ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ុយក្រែន និងបណ្តាប្រទេសនៅអឺរ៉ុប​ នឹងធ្វើការរួមគ្នាលើវិសោធនកម្ម កំណែចុងក្រោយបំផុតនៃផែនការសន្តិភាព ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine។

នៅពេលឆ្លើយសំណួរ របស់អ្នកសារព័ត៌មាននៅលើ WhatsApp នៅថ្ងៃចន្ទ លោក ហ្សេឡិនស្គី បានឧ្យដឹងថា លោកគិតថាផែនការនេះ នឹងរួចរាល់នៅប្រហែលល្ងាចថ្ងៃអង្គារ ។ លោកបានបន្ថែមថា “យើងនឹងពិនិត្យមើលវាម្តងទៀត ហើយផ្ញើវាទៅសហរដ្ឋអាមេរិក”។

លោក ហ្សេឡិនស្គី បានលេីកឡេីងថា ផែនការនេះត្រូវបានកាត់បន្ថយមកត្រឹម ២០ចំណុច ចំណុចដែលមិនគាំទ្រអ៊ុយក្រែនត្រូវបានដកចេញពីវា ប៉ុន្តែមិនទាន់មានការសម្របសម្រួល ណាមួយលើបញ្ហាទឹកដីនៅឡើយទេ។

លោក បានបញ្ជាក់ពីសារៈសំខាន់នៃបទប្បញ្ញត្តិ នៃផែនការទាក់ទងនឹងការផ្តល់មូលនិធិសម្រាប់ការកសាងឡើងវិញ និងការធានាសន្តិសុខរបស់អ៊ុយក្រែន។

លោកបានបន្ដថា “ការធានាសន្តិសុខដ៏រឹងមាំបំផុត ដែលយើងអាចទទួលបានគឺមកពីសហរដ្ឋអាមេរិក។ ជាការពិតណាស់ ប្រសិនបើពួកគេ មិនមែនជាការសន្យាទទេទេនោះ​ ប៉ុន្តែជាកាតព្វកិច្ចផ្លូវច្បាប់ ត្រូវបានបោះឆ្នោតនៅក្នុងសភាសហរដ្ឋអាមេរិក”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top