ព័ត៌មានអន្តរជាតិ

ចិន ជំរុញឱ្យជប៉ុនដកការកត់សម្គាល់ខុសរបស់លោកស្រី Takaichi​ ស្ដីពីកោះតៃវ៉ាន់

ប៉េកាំង៖​ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឧ្យដឹងថា ប្រទេសចិន​ ជំរុញឱ្យភាគីជប៉ុនពិចារណា និងប្រែចិត្តយ៉ាងម៉ត់ចត់ ដកសេចក្តីថ្លែងការណ៍ខុសរបស់លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi និងឈប់លេងជាមួយភ្លើង និងបន្តដើរលើផ្លូវខុស។

អ្នកនាំពាក្យលោក Guo Jiakun បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ខណៈពេលដែលឆ្លើយតបទៅនឹងសំណួរអំពីការគាំទ្ររបស់អនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន លោក Taro Aso ចំពោះការកត់សម្គាល់របស់លោកស្រី​Takaichi លើកោះតៃវ៉ាន់។

លោកបានលេីកឡេីងថា ការកត់សម្គាល់របស់អ្នកនយោបាយជប៉ុនរូបនេះឆ្លុះបញ្ចាំងថា នាយករដ្ឋមន្ត្រីលោកស្រី Takaichi និងកងកម្លាំងស្តាំនិយមបានបន្តវិនិច្ឆ័យស្ថានការណ៍ខុស និងមិនបង្ហាញសញ្ញានៃការពិចារណាឡើងវិញ។

លោកបន្ដថា​ ពួកគេបានមិនអើពើនឹងការរិះគន់ក្នុងស្រុក និងអន្តរជាតិ ហើយបានបន្ទាបបន្ថោកសកម្មភាពដែលពាក់ព័ន្ធនឹងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត និងការគំរាមកំហែងយោធា ដោយមិនអើពើនឹងគោលការណ៍ជាមូលដ្ឋាននៃភាពត្រឹមត្រូវ និងខុស។

លោកបានបន្ថែមថា ពួកគេបានបរាជ័យក្នុងការបង្ហាញការគោរពតិចតួចបំផុតចំពោះច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ដោយព្យាយាមរស់ឡើងវិញនូវយោធានិយមរបស់ជប៉ុន ដោយញុះញង់ឱ្យមានជម្លោះ និងការប្រឈមមុខដាក់គ្នា ដើម្បីបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម ដោយបន្ថែមថា ប្រទេសជិតខាងនៅអាស៊ី និងសហគមន៍អន្តរជាតិគួរតែប្រុងប្រយ័ត្នខ្ពស់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top