អតីតមេបញ្ជាការកងទ័ពជើងទឹករបស់អង់គ្លេសថា អង់គ្លេសលែងមានលទ្ធភាពដំណើរការកម្មវិធីនាវាមុជទឹកនុយក្លេអ៊ែរហើយ
បរទេស៖ ឧត្តមនាវីទោរបស់អង់គ្លេសលោក Philip Mathias ដែលចូលនិវត្តន៍បាននិយាយថា ចក្រភពអង់គ្លេសលែងមានលទ្ធភាពដំណើរការកម្មវិធីនាវាមុជទឹកនុយក្លេអ៊ែរទៀតហើយ បន្ទាប់ពីការគ្រប់គ្រងមិនត្រឹមត្រូវជាច្រើនឆ្នាំ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា អតីតនាយកគោលនយោបាយនុយក្លេអ៊ែរនៅក្រសួងការពារជាតិ បានរិះគន់យ៉ាងចាស់ដៃចំពោះស្ថានភាពនៃកងនាវាមុជទឹករបស់ចក្រភពអង់គ្លេសនៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ The Telegraph កាលពីថ្ងៃសៅរ៍។
លោកបានអះអាងថា ការពន្យារពេលម្តងហើយម្តងទៀតក្នុងការផ្តល់នាវាថ្មី រួមជាមួយនឹងការល្បាតដ៏យូរបានបណ្តាលឱ្យមាន “ភាពអាចរកបានទាបគួរឱ្យភ្ញាក់ផ្អើល” នៃនាវាមុជទឹក ដើម្បីដោះស្រាយការគំរាមកំហែងដែលកំពុងប្រឈមមុខនឹងប្រទេស ខណៈដែលការកាត់បន្ថយថវិកា និង “ការបរាជ័យដ៏ធំ” ក្នុងការគ្រប់គ្រងបុគ្គលិកសំខាន់ៗបានធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។
លោក Mathias បាននិយាយទៀតថា “ចក្រភពអង់គ្លេសលែងមានសមត្ថភាពគ្រប់គ្រងកម្មវិធីនាវាមុជទឹកនុយក្លេអ៊ែរ” ដោយលោកបានសរសេរថា “ការអនុវត្តនៅគ្រប់ទិដ្ឋភាពទាំងអស់នៃកម្មវិធីបន្តកាន់តែអាក្រក់ទៅៗក្នុងគ្រប់ទិដ្ឋភាព។ នេះគឺជាស្ថានភាពដែលមិនធ្លាប់មានពីមុនមកក្នុងយុគសម័យនាវាមុជទឹកនុយក្លេអ៊ែរ។ វាគឺជាការបរាជ័យដ៏មហន្តរាយនៃការបន្តដំណើរ និងផែនការដឹកនាំ”៕
ប្រែសម្រួលៈ ណៃ តុលា
