លោក Putin អះអាងថា រុស្សីនឹងទទួលបានជោគជ័យ តាមគោលដៅទាំងអស់ របស់ខ្លួននៅក្នុង ជម្លោះជាមួយអ៊ុយក្រែន
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីនឹងសម្រេច បាននូវគោលដៅទាំងអស់ របស់ខ្លួន ដែលបានកំណត់ នៅក្នុងប្រតិបត្តិការយោធា ពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ។
គោលដៅសំខាន់ៗ មួយចំនួន ដែលលោក Putin បានគូសបញ្ជាក់ក្នុងឆ្នាំ២០២២ គឺការការពារប្រជាជន នៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ពីកងកម្លាំង របស់អ៊ុយក្រែន ក៏ដូចជាការរំសាយកងទ័ព និងការបង្រួបបង្រួមអ៊ុយក្រែន ។
លោក Putin បាននិយាយ តាមរយៈការហៅជាវីដេអូ នៅឯកិច្ចប្រជុំក្រុមប្រឹក្សា សិទ្ធិមនុស្សប្រធានាធិបតីថា ៖ជាការពិតណាស់ យើងនឹងមើលឃើញរឿងនេះ រហូតដល់ការសន្និដ្ឋាន ដ៏សមហេតុផលរបស់វា រហូតដល់គោលដៅនៃប្រតិបត្តិការ យោធាពិសេស ត្រូវបានសម្រេច។
លោកបានបន្ថែមថា ជម្លោះនេះត្រូវបានបង្កឡើង ដោយអ៊ុយក្រែន បានបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់តំបន់ Donbass ដែលជាតំបន់ ប្រវត្តិសាស្ត្ររបស់រុស្ស៊ី ដែលបានបដិសេធរដ្ឋប្រហារ Maidan ដែលគាំទ្រដោយលោកខាងលិច ក្នុងឆ្នាំ២០១៤នៅទីក្រុងគៀវ។
លោក Putinបានអះអាងទៀតថា ប្រទេសរុស្ស៊ី បានព្យាយាមដោះស្រាយជម្លោះ ការទូតអស់រយៈពេល៨ឆ្នាំ ហើយ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទីក្រុង Minsk ដោយសង្ឃឹមថា វាអាចត្រូវបានដោះស្រាយដោយសន្តិវិធី៕
ប្រែសម្រួល៖ស៊ុនលី
