ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ ​កំពុង​ធ្វើសង្គ្រាមផ្លូវចិត្ត ប្រឆាំងនឹងប្រទេស វេណេស៊ុយអេឡា

ការ៉ាកាស៖​ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានឧ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក​ កំពុងធ្វើ «សង្គ្រាមផ្លូវចិត្ត» ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការបរាជ័យ នៃទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួន។

លោកបានឧ្យដឹងក្នុងអំឡុងពេលបើកសម័យប្រជុំសភាប្រជាជន​ ដើម្បីសន្តិភាព និងអធិបតេយ្យភាព នៃអាមេរិករបស់យើង ដែលជាព្រឹត្តិការណ៍មួយ ដែលកំពុងប្រារព្ធឡើងនៅទីក្រុងការ៉ាកាសថា «ឥឡូវនេះពួកគេកំពុងងាក ទៅរកសង្គ្រាមផ្លូវចិត្ត និងសង្គ្រាមផ្លូវចិត្តយោធា»។

ក្នុងនាមជាផ្នែកមួយនៃយុទ្ធសាស្ត្រថ្មីរបស់ខ្លួន លោកបានលេីកឡេីងថា សហរដ្ឋអាមេរិកកំពុងប្រើប្រាស់ «អំណាចសេដ្ឋកិច្ច អំណាចយោធា និងលើសពីនេះទៅទៀត អំណាចប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធ្វើសង្គ្រាមផ្លូវចិត្តដែលមិនធ្លាប់មានពីមុនមក» ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា និងតំបន់។

លោកបានបន្ដថា យើងកំពុងប្រឈមមុខនឹង «បញ្ហាប្រឈមដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រ នៃសាធារណរដ្ឋរបស់យើង នៅក្នុងតំបន់របស់យើង» ដោយបន្ថែមថា ប្រតិភូជាង ៥០០នាក់មកពីប្រទេសប្រហែល ៥០នៅទូទាំងទ្វីបទាំងអស់ កំពុងចូលរួមក្នុងការជួបជុំនេះ ។

លោកបានបន្ថែមថា ព្រឹត្តិការណ៍នេះ ដែលរៀបចំឡើង ដោយក្រុមប្រឹក្សាជាតិ សម្រាប់អធិបតេយ្យភាព និងសន្តិភាព នៃប្រទេស វេណេស៊ុយអេឡា នឹងផ្តោតលើបញ្ហាសំខាន់ៗ ដូចជាការគំរាមកំហែង​ផ្នែកយោធា របស់សហរដ្ឋអាមេរិក ឧក្រិដ្ឋកម្មឆ្លងដែន នៅក្នុងតំបន់ និង គោលលទ្ធិ Monroe ដែលជាគោលនយោបាយមួយ​ ដែលត្រូវបានរស់ឡើងវិញ ដោយទីក្រុងវ៉ាស៊ីនតោន ដើម្បី «បង្កើតការត្រួតត្រា» នៅក្នុងតំបន់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top