វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកអាចពង្រីកប្រតិបត្តិការ យោធាប្រឆាំងគ្រឿងញៀនទៅកាន់ប្រទេសម៉ិកស៊ិក និងកូឡុំប៊ី នេះបើយោងតាមការចុះផ្សាយរបស់ Politico។
នៅក្នុងបទសម្ភាសន៍ជាមួយ Politico នៅឯសេតវិមាន កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ បានបដិសេធមិនច្រានចោល ការដាក់កងទ័ពអាមេរិកចូលទៅក្នុងប្រទេស វេណេស៊ុយអេឡានោះទេ។
លោក បាននិយាយអំពីការដាក់ ពង្រាយកងទ័ពជើងគោកថា “ខ្ញុំមិនចង់ច្រានចោលទេ ខ្ញុំមិននិយាយអំពីវានោះទេ ខ្ញុំមិនចង់និយាយជាមួយអ្នក អំពីយុទ្ធសាស្ត្រយោធានោះទេ”។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយនាវាចម្បាំង ប្រហែលដប់គ្រឿង រួមទាំងនាវា USS Gerald R. Ford និងកងទ័ពប្រហែល ១៥០០០នាក់ ទៅកាន់សមុទ្រការីប៊ីន។ តំបន់នេះមិនបានឃើញវត្តមានយោធា អាមេរិកយ៉ាងច្រើនបែបនេះអស់រយៈពេលយ៉ាងហោចណាស់ បីទសវត្សរ៍មកហើយ។
ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានថ្កោលទោសម្តងហើយម្តងទៀតចំពោះអ្វីដែលហៅថា ប្រតិបត្តិការប្រឆាំងគ្រឿងញៀនរបស់ទីក្រុងវ៉ាស៊ីនតោន ថាជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោក និងពង្រីកឥទ្ធិពលយោធាអាមេរិកនៅអាមេរិកឡាទីន។
ប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ប៉េត្រូ បានចោទប្រកាន់ រដ្ឋាភិបាល អាមេរិក ពីបទ «ឃាតកម្ម» ចំពោះការសម្លាប់ជន សង្ស័យ ជួញដូរគ្រឿងញៀន នៅតាមដែនសមុទ្រ៕
ប្រែសម្រួល ឈូក បូរ៉ា
