ព័ត៌មានអន្តរជាតិ

លោក ត្រាំ ជំរុញឧ្យលោក ហ្សេឡិនស្គី​ ទទួលយក ផែនការសន្តិភាព យ៉ាងឆាប់រហ័ស

វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ដូណាល់​ ត្រាំ​ កំពុងជំរុញយ៉ាងខ្លាំងឱ្យប្រធានាធិបតីអ៊ុយក្រែនលោក​ វូឡូឌីមៀ​ ហ្សេឡិនស្គី​ ទទួលយកកិច្ចព្រមព្រៀងសន្តិភាព​ ដែលសម្របសម្រួល ដោយសហរដ្ឋអាមេរិក ដែលអាចនាំឱ្យមានការបាត់បង់ទឹកដី ដ៏សំខាន់សម្រាប់អ៊ុយក្រែន នេះបើយោង តាមប្រព័ន្ធផ្សព្វផ្សាយ អនឡាញរបស់សហរដ្ឋអាមេរិក Axios។

ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែន​ ពីរនាក់ Axios បានចុះផ្សាយថា ប្រេសិតពិសេសប្រធានាធិបតីអាមេរិកលោក​ Steve Witkoff និងកូនប្រសារ របស់ប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ គឺលោក Jared Kushner បានពិភាក្សាអំពីផែនការ នេះជាមួយលោក ហ្សេឡិនស្គី ក្នុងការហៅ ទូរស័ព្ទរយៈពេលពីរម៉ោងកាលពីថ្ងៃសៅរ៍ ដោយទាមទារឱ្យមានការ យល់ព្រមច្បាស់លាស់ ពីមេដឹកនាំអ៊ុយក្រែន។

នៅពេលសួរនៅក្នុងបទសម្ភាសន៍ជាមួយ Politico ដែលចេញផ្សាយ នៅថ្ងៃអង្គារថាតើលោកបានកំណត់ពេលវេលា​ សម្រាប់លោក ហ្សេឡិនស្គី ដើម្បីសម្រេចចិត្ត លើកិច្ចព្រមព្រៀងនេះឬអត់ លោក ត្រាំ បានឧ្យដឹងកាលពីថ្ងៃចន្ទថា “មែនហើយ លោកនឹងត្រូវចាប់ផ្តើម ហើយទទួលយកអ្វីៗ​ ព្រោះលោកកំពុងចាញ់”។

កាសែត Financial Times បានរាយការណ៍ នៅថ្ងៃអង្គារថា លោក ត្រាំ សង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀង មួយដែលត្រូវបានព្រមព្រៀងគ្នា ” មុនបុណ្យណូអែល” ហើយលោក ហ្សេឡនាស្គី​ បានប្រាប់អ្នកសម្របសម្រួល សហរដ្ឋអាមេរិកថា លោកត្រូវការពេលវេលា​ ដើម្បីពិគ្រោះយោបល់ ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប។

លោក Witkoff និងលោក Kushner បានបញ្ចប់ការចរចារយៈពេលបីថ្ងៃ ជាមួយអ្នកចរចាកំពូល របស់អ៊ុយក្រែន នៅថ្ងៃសៅរ៍នៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចប្រជុំ ប្រហែល​ ៥ម៉ោងជាមួយប្រធានាធិបតី រុស្ស៊ីលោក វ្លាឌីមៀ​ ពូទីន​ លើកិច្ចព្រមព្រៀងនៅទីក្រុងមូស្គូ កាលពីដើមសប្តាហ៍មុន៕

To Top