លោក Zelensky បើកកិច្ចពិភាក្សាជាមួយនឹងក្រុមការងាររបស់អាមេរិក ទៅលើការងារកសាងនិងគាំទ្រដល់សេដ្ឋកិច្ចអ៊ុយក្រែនឡើងវិញ
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានប្រកាសកាលពីថ្ងៃពុធថា លោកបានរៀបចំ ការពិភាក្សាប្រកបដោយផលិតភាព ស្តីពីការកសាងឡើងវិញ និងការស្តារសេដ្ឋកិច្ចរបស់អ៊ុយក្រែនជាមួយភាគីសហរដ្ឋអាមេរិក។
ការសន្ទនាតាមវីដេអូដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Scott Bessent កូនប្រសាររបស់ប្រធានាធិបតីអាមេរិក Donald Trump លោក Jared Kushner និងនាយកប្រតិបត្តិ BlackRock លោក Larry Fink ក៏ដូចជាមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានកត់សម្គាល់កិច្ចប្រជុំលើកដំបូងរបស់ក្រុមដែលនឹងធ្វើការលើឯកសារទាក់ទងនឹងការកសាងឡើងវិញ និងការស្តារសេដ្ឋកិច្ចរបស់អ៊ុយក្រែន។
យោងតាមប្រភពដដែលបានឲ្យដឹងដែរថាអ្នកចូលរួមកិច្ចប្រជុំបានពិភាក្សាអំពីធាតុសំខាន់ៗសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ យន្តការផ្សេងៗ និងចក្ខុវិស័យសម្រាប់ការកសាងឡើងវិញ។
នៅក្នុងសុន្ទរកថាល្ងាចរបស់លោកកាលពីថ្ងៃពុធ លោក Zelensky បាននិយាយថា ៖ដើម្បីធានាថាការកសាងឡើងវិញប្រកបដោយគុណភាពខ្ពស់ ហើយកំណើនសេដ្ឋកិច្ចមានភាពជាក់ស្តែងបន្ទាប់ពីសង្រ្គាមនេះ សន្តិសុខពិតប្រាកដត្រូវតែបង្កើតជាមូលដ្ឋានគ្រឹះ៕
ប្រែសម្រួល៖ ស៊ុនលី
