UNICEF យូនីសេហ្វកំពុងស្វែងរកមូលនិធិថ្មី ៧,៦៦ពាន់លានដុល្លារដើម្បីជួយសង្គ្រោះជីវិតកុមារ មកពីជុំវិញពិភពលោកសម្រាប់ឆ្នាំ២០២៦
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNICEF បានចាប់ប្រកាសស្វែងរកមូលនិធិមនុស្សធម៌សម្រាប់កុមារឆ្នាំ២០២៦ របស់ខ្លួនហើយកាលពីថ្ងៃពុធម្សិលមិញ។
តាមការបញ្ជាក់យូនីសេហ្វនឹងត្រូវការស្វែងរកមូលនិធិយ៉ាងហោចនាស់៧,៦៦ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយសង្គ្រោះជីវិតដល់កុមារ៧៣លាននាក់ក្នុង១៣៣ប្រទេស សម្រាប់តែឆ្នាំក្រោយប៉ុណ្ណោះ។
លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា នៅពេលដែលការកាត់បន្ថយការផ្តល់មូលនិធិសកលកាន់តែខ្លាំង ហើយសេវាមូលដ្ឋានដួលរលំ តម្រូវការមនុស្សធម៌សម្រាប់កុមារនៅតែបន្តកើនឡើងនៅឡើយ។
លោកHaq បាននិយាយទៀតថា ការកាត់បន្ថយការផ្តល់មូលនិធិដែលត្រូវបានប្រកាស និងរំពឹងទុកដោយរដ្ឋាភិបាលម្ចាស់ជំនួយកំពុងកំណត់សមត្ថភាពរបស់យូនីសេហ្វក្នុងការឈានដល់កុមាររាប់លាននាក់ដែលមានតម្រូវការធ្ងន់ធ្ងរ ដោយបន្ថែមថាកង្វះខាតធ្ងន់ធ្ងរនៅឆ្នាំ២០២៤និងឆ្នាំ២០២៥ កំពុងបង្ខំឱ្យអង្គការយូនីសេហ្វធ្វើជម្រើសដែលមិនអាចទៅរួច។
ជាឧទាហរណ៍ នៅទូទាំងកម្មវិធីអាហារូបត្ថម្ភរបស់អង្គការយូនីសេហ្វតែមួយ គម្លាតថវិកាមានទៅដល់៧២ភាគរយនៅឆ្នាំ ២០២៥បានបង្ខំឱ្យកាត់បន្ថយនៅក្នុងប្រទេសអាទិភាពចំនួន២០ហើយក្នុងវិស័យអប់រំ កង្វះខាតចំនួន ៧៤៥លានដុល្លារបានធ្វើឱ្យកុមាររាប់លាននាក់ទៀតប្រឈមនឹងការបាត់បង់សិទ្ធិទទួលបានការសិក្សា ការការពារ និងស្ថិរភាព៕
ប្រែសម្រួល៖ ស៊ុនលី
