ព័ត៌មានអន្តរជាតិ

កំណើន នៃពាណិជ្ជកម្មអន្តរជាតិរបស់ចិន បំពេញបន្ថែមភាពប្រាកដប្រជា សម្រាប់សេដ្ឋកិច្ចសកល

តាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គរដ្ឋបាលគយចិននៅថ្ងៃទី៨ ខែធ្នូឱ្យដឹងថា ពាណិជ្ជកម្មនាំចេញ-នាំចូលទំនិញ របស់ប្រទេសចិនបានរក្សាកំណើន១០ ខែជាប់ៗគ្នា ហើយការប្រតិបត្តិខាងពាណិជ្ជកម្មអន្តរជាតិ បានបន្តរក្សានិន្នាការកើនឡើងជាលំដាប់ ។
ក្នុងរយៈពេល១១ ខែដើមឆ្នាំនេះ ទំហំនាំចេញ-នាំចូលរវាងប្រទេសចិនជាមួយប្រទេសដែលរួមគ្នាកសាង«ខ្សែក្រវាត់ និងផ្លូវ»មានចំនួន២១.៣៣ ទ្រីលានយាន់ប្រាក់ចិន កើន ឡើង៦% ដែលស្មើនឹង៥១.៨% នៃទំហំពាណិជ្ជកម្មអន្តរជាតិ សរុបរបស់ប្រទេសចិន ។ ក្នុងនោះ ទំហំនាំចេញ-នាំចូល ជាមួយអាស៊ាន មានចំនួន៦.៨២ ទ្រីលានយាន់ប្រាក់ចិន កើនឡើង៨.៥% អាស៊ានបន្តរក្សាឋានៈជាដៃ គូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចិន ។ ចំណែកទំហំនាំចេញ-នាំចូលជាមួយសហភាពអឺរ៉ុបមានចំនួន៥.៣៧ ទ្រីលានយាន់ប្រាក់ចិន កើនឡើង៥.៤% សហភាពអឺរ៉ុបជាដៃគូពាណិជ្ជកម្មធំទីពីរ របស់ប្រទេសចិន ។

ប្រឈមមុខនឹងការសាកល្បងផ្ទួនៗ ពីការប្រែប្រួល នៃនិម្មាបនកម្មពិភពលោកនិងជម្លោះពាណិជ្ជកម្មអន្តរជាតិ ហេតុអ្វីបានជាទំហំពាណិជ្ជកម្មអន្តរជាតិ របស់ចិននៅតែមានភាពធន់ និងរក្សាបាននូវកំណើនដ៏គួរឱ្យកត់សម្គាល់បែបនេះ ? ជាបឋមយើងមកស្វែងយល់ពីផ្នែកនាំចេញរបស់ចិន ។
ការធ្វើឱ្យប្រសើរឡើង នូវរចនាសម័្ពន្ធនាំចេញបានធ្វើឱ្យខ្សែច្រវាក់ឧស្សាហកម្មនិងខ្សែច្រវាក់ផ្គត់ផ្គង់របស់ចិនមានភាពពេញលេញ ក្នុងនោះ បរិមាណនៃផលិតផល ឧស្សាហកម្មជាង២០០ ប្រភេទស្ថិតនៅលំដាប់ទី១ លើពិភពលោក ដូចជាផលិតផលរថយន្តអគ្គិសនី , អាគុយ , មនុស្សយន្តឧស្សាហកម្មជាដើមដែលជាឧស្សាហកម្មងើបថ្មីបានក្លាយជាវិស័យមានប្រៀបក្នុងការនាំចេញ ។ ចំណែកការច្នៃប្រឌិតថ្មីនូវរូបមន្តពាណិជ្ជកម្ម និងការធ្វើឌីជីថលភាវូបនីយកម្មផ្នែកពាណិជ្ជកម្ម ដូចជាធុរកិច្ចឆ្លងដែនជាដើមបានក្លាយជាកត្តាជំរុញដ៏សំខាន់នៃកំណើននាំចេញរបស់ចិន ។
ដោយឡែក ផ្អែកលើគោលនយោបាយគាំពារពហុភាគីនិយមនិងពាណិជ្ជកម្មសេរី ប្រទេសចិនបានចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្មជាច្រើន ដូចជាការជំរុញយ៉ាងសកម្មនូវនីតិវិធីសម្រាប់ការចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) , ការចូលរួមកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ។ល។

ក្នុងនោះ ការដំឡើងកម្រិតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានឱ្យដល់កំណែ3.0 បានក្លាយជាសមិទ្ធផលជានិមិត្តសញ្ញាមួយ សម្រាប់ការគាំពារនិងធ្វើឱ្យស៊ីជម្រៅ នូវពាណិជ្ជកម្មសេរីរវាងចិននិងអាស៊ាន ។ ផ្អែកលើកិច្ចព្រមព្រៀងកំណែ3.0 ដែលទើបចុះហត្ថលេខាក្នុងឆ្នាំនេះ ការធ្វើពាណិជ្ជកម្មរវាងចិននិងអាស៊ានបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន ទំនើប គ្រប់ជ្រុងជ្រោយ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។ នេះជាកត្តាចម្បងមួយដែលជំរុញឱ្យអាស៊ានបន្តក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ។
ងាកមកស្វែងយល់ពីផ្នែកនាំចូលវិញ ផ្អែកលើគោលនយោបាយបើកទូលាយ ចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ រដ្ឋាភិបាលចិនបានធ្វើឱ្យមានបទដ្ឋាន និយ័តកម្ម និងភាពងាយស្រួលសម្រាប់ការបើកច្រកចូលទីផ្សារនិងការនាំចូល ព្រមទាំងជំរុញភាពសម្បូរបែបនិងចម្រុះនៃការនាំចូល ពិសេសការនាំចូលពីទីផ្សារងើបថ្មី ឧទាហរណ៍ដូចជាប្រទេស អាស៊ីកណ្តាលនិងតំបន់អាហ្វ្រិកជាដើម ។ ក្នុងនោះ ការអនុវត្តគោលនយោបាយ «ពន្ធគយសូន្យភាគរយ»ចំពោះប្រទេសអាហ្វ្រិក ចំនួន៥៣ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន បានធ្វើឱ្យមធ្យោបាយនាំចូលរបស់ចិន កាន់តែសម្បូរបែប និងកាត់បន្ថយការពឹងផ្អែកលើទីផ្សារតែមួយ ។
ការបង្កើតតំបន់សាកល្បងពាណិជ្ជកម្មសេរី និងកំពង់ផែពាណិជ្ជកម្មសេរី បានក្លាយជាការទ្រទ្រង់ ជាយុទ្ធសាស្ត្រ សម្រាប់ការបង្កើតប្រព័ន្ធសេដ្ឋកិច្ចបែប បើកទូលាយរបស់ចិន ដែលរួមចំណែកសម្រាប់ឆ្លើយតប នឹងបម្រែបម្រួលនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោក និងផ្តល់ភាពអនុគ្រោះច្រើន សម្រាប់ដៃគូពាណិជ្ជកម្មក្នុងការនាំ ចូលទៅកាន់ប្រទេសចិន ។ ជាពិសេស កំពង់ផែពាណិជ្ជកម្មសេរីហៃណាន នឹងដាក់ឱ្យដំណើរការប្រតិបត្តិការគយ ពិសេសសម្រាប់កោះទាំង មូលចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះតទៅ ដែលមានន័យថា ដៃគូពាណិជ្ជកម្មនានា ដែលនាំចូលប្រទេសចិន តាមកំពង់ផែពាណិជ្ជកម្មសេរីនេះនឹងទទួលបានការអនុគ្រោះពន្ធគយកាន់តែច្រើន ។

លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ជាក់ថា ប្រឈមមុខនឹងបរិយាកាសខាងក្រៅដ៏ស្មុគស្មាញ ប្រទេសចិននឹងពង្រឹងជំនឿចិត្ត និងប្រកាន់ខ្ជាប់នូវការធ្វើការងារ របស់ខ្លួនឱ្យបានល្អ និងជំរុញការបើកទូលាយចំពោះបរទេសដោយកម្រិតខ្ពស់ ។ គោលដៅជាយុទ្ធសាស្ត្រនៃការកសាង កំពង់ផែពាណិជ្ជកម្មសេរីហៃណាន គឺដើម្បីធ្វើឱ្យវាក្លាយជាច្រកទ្វារដ៏សំខាន់មួយ សម្រាប់ជំរុញការបើកទូលាយរបស់ចិនក្នុងយុគសម័យថ្មី ។
បើតាមទិន្នន័យថ្មីបំផុតរបស់អគ្គរដ្ឋបាលគយចិនឱ្យដឹងថា ក្នុងរយៈពេល១១ ខែដើមឆ្នាំនេះ ទំហំនាំចូលតាមតំបន់សាកល្បងពាណិជ្ជកម្មសេរី និងកំពង់ផែពាណិជ្ជកម្មសេរីហៃណានមានចំនួន៨,០៧ ទ្រីលានយាន់ប្រាក់ចិន កើនឡើង៥.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន មានសមាមាត្រស្មើនឹង១៩.៦% នៃបរិមាណនាំចូលសរុបរបស់ចិន ដែលកើនឡើង០.៣% ។

នៅក្នុង«ផែនការ៥ ឆ្នាំទី១៥ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិចិន»បានគូសរំលេចពីការជំរុញថែមទៀតនូវការបើកទូលាយចំពោះបរទេស ។ ខណៈប្រឈមមុខនឹងស្ថានការណ៍ សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដែលកាន់តែស្មុគស្មាញ ការងើបឡើងនៃគាំពារនិយម និងឯកតោភាគីនិយម ក៏ដូចជាលទ្ធភាពនៃការឡើងកម្តៅនៃជម្លោះពាណិជ្ជកម្ម មានតែកិច្ចសហប្រតិបត្តិការដ៏ស្មោះត្រង់ទើបអាចទទួលបានផលឈ្នះ-ឈ្នះ ហើយបុរេលក្ខខណ្ឌសម្រាប់ការទទួលបានលទ្ធផលឈ្នះ-ឈ្នះគឺការបើកទូលាយទៅវិញទៅមក និងការប្រកាន់ខ្ជាប់ពហុភាគីនិយម ។
តាមរយៈគំនិតផ្តួចផ្តើម«ខ្សែក្រវាត់ និងផ្លូវ» ទ្វារបើកទូលាយរបស់ចិន បានបើកចំហធំឡើងៗ តំបន់ដីគោកបានប្រែពី«នៅពីខាងក្រោយ» ក្លាយទៅជា«ឈរនៅជួរមុខ»នៃពាណិជ្ជកម្មអន្តរជាតិ ចំណែកតំបន់ជាប់សមុទ្របានតភ្ជាប់កាន់តែស្អិតល្មួតជាមួយនឹងទីផ្សារពិភពលោក ។ ភាពធន់និងសន្ទុះនៃសេដ្ឋកិច្ចចិនប្រាកដជានឹងបន្តបំពេញបន្ថែមភាពប្រាកដប្រជាសម្រាប់សេដ្ឋកិច្ចពិភពលោកជាមិនខាន ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top