នាយករដ្ឋមន្ត្រីថៃប្រាប់លោក Trump ដោយចោទថា កម្ពុជា «បានចាប់ផ្តើមមុន» ចំណែក «ប្រធានាធិបតីអាមេរិក» សង្ឃឹមថានឹងមានបទឈប់បាញ់
បរទេស ៖ លោកអនុទីន បានបង្ហាញពីលទ្ធផលនៃការពិភាក្សារបស់លោកជាមួយលោក Trump បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពលើស្ថានភាពព្រំដែន ដោយបញ្ជាក់ថា កម្ពុជា «បានចាប់ផ្តើមមុនគេ»។ «ប្រធានាធិបតីអាមេរិក» សង្ឃឹមថានឹងមានបទឈប់បាញ់។ នាយករដ្ឋមន្ត្រីថៃបានសង្កត់ធ្ងន់ថា សារនេះត្រូវតែបញ្ជូនទៅ «ខ្មែរ»។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយកាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ថា នៅម៉ោង ២២:០០ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថៃ លោកអនុទីន ឆាន់វីរៈគុល បានថ្លែងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការពិភាក្សាជាមួយប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ។
លោកបាននិយាយថា ការសន្ទនាបានដំណើរការទៅដោយរលូន។ លោកប្រធានាធិបតីអាមេរិកបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនេះ ហើយចង់ឱ្យប្រទេសថៃឆ្ពោះទៅរកសេចក្តីប្រកាសរួមម៉ាឡេស៊ី។ លោកអនុទីន បានឆ្លើយតបថា ប្រទេសថៃបានគោរពតាមលក្ខខណ្ឌទាំងអស់ ប៉ុន្តែបានចោទកម្ពុជាបានរំលោភលើលក្ខខណ្ឌទាំងនោះជាមុនសិន។ ដូច្នេះ ប្រទេសថៃត្រូវតែឆ្លើយតបដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។
លោកបានសង្កត់ធ្ងន់ថា អាទិភាពខ្ពស់បំផុតគឺការការពារជីវិតរបស់ប្រជាជន។ នេះជាមូលហេតុដែលលោកត្រូវពន្យល់លោកប្រធានាធិបតី Trump ថា ប្រទេសថៃមិនមែនជាអ្នកផ្តួចផ្តើមការវាយប្រហារ ឬឈ្លានពានកម្ពុជាមុនគេនោះទេ។
លោកប្រធានាធិបតី Trump បាននិយាយថា លោកយល់ ហើយថែមទាំងបានប្រាប់លោកអនុទីនថា លោកអាចទូរស័ព្ទទៅពេលណាក៏បាន ទោះបីជាលោកមិន បានផ្តល់លេខទូរស័ព្ទរបស់លោកក៏ដោយ។ លោកអនុទីនបានឆ្លើយតបថាវាមិនចាំបាច់ទេ ហើយថាប្រទេសថៃ អាចដោះស្រាយស្ថានការណ៍បាន។ រដ្ឋមន្ត្រីការបរទេសថៃតែងតែទាក់ទងជាមួយសហរដ្ឋអាមេរិករួចហើយ។
ប្រធានាធិបតី Trump ចង់បានបទឈប់បាញ់។ លោកអនុទីនបានឆ្លើយតបថាលោក Trump គួរតែប្រាប់ “មិត្តភក្តិរបស់យើង” វិញ។ “កុំគ្រាន់តែនិយាយថាបទឈប់បាញ់ – ប្រាប់ពិភពលោកថាកម្ពុជានឹងឈប់បាញ់ ដកកងកម្លាំងរបស់ខ្លួន និងដកគ្រឿងផ្ទុះទាំងអស់ដែលពួកគេបានដាក់ ដោយអាចមើលឃើញ និងទាំងស្រុង។ យើងនៅស្ងៀម។ យើងមិនដែលចង់បានអ្វីដែលជារបស់កម្ពុជាទេ។ កម្ពុជាត្រូវតែបញ្ឈប់អ្វីៗគ្រប់យ៉ាងជាមុនសិន។ ភាគីដែលរំលោភលើកិច្ចព្រមព្រៀងគឺជាអ្នកដែលត្រូវតែកែតម្រូវវា – មិនមែនជាភាគីដែលត្រូវបានវាយប្រហារនោះទេ”។
ប្រែសម្រួល: ណៃ តុលា
