លោក ដូណាល់ ត្រាំ អះអាងថា មេដឹកនាំថៃ និងកម្ពុជា ព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នា តាមបណ្តោយព្រំដែននៅល្ងាចនេះ
បរទេស÷ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសុក្រថា ប្រទេសថៃ និងកម្ពុជា បានព្រមព្រៀងគ្នាបញ្ឈប់ការ ប្រយុទ្ធគ្នាតាមបណ្តោយព្រំដែន ដែលមានជម្លោះរបស់ពួកគេ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់នៅសប្តាហ៍នេះ។
យោងតាមសារព័ត៌មាន FRANCE24 ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ថា ការប្រយុទ្ធគ្នាចុងក្រោយបំផុត រវាងប្រទេសជិតខាងអាស៊ី អាគ្នេយ៍កម្ពុជាថៃ ដែលកើតចេញពីជម្លោះដ៏យូរអង្វែងលើការកំណត់ព្រំដែនសម័យអាណានិគមប្រវែង ៨០០ គីឡូម៉ែត្រ (៥០០ ម៉ាយ) របស់ប្រទេសទាំងពីរ ក៏បានធ្វើឱ្យប្រជាជនប្រហែលកន្លះលាននាក់នៅសងខាងត្រូវផ្លាស់ទីលំនៅផងដែរ។
ភាគីនីមួយៗបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបង្កជម្លោះឡើងវិញ។
លោក ត្រាំ បាននិយាយនៅលើវេទិកា Truth Social របស់លោកថា “ខ្ញុំមានការសន្ទនាដ៏ល្អមួយនៅព្រឹកនេះជាមួយនាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល និងនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត អំពីការភ្ញាក់ឡើងវិញដ៏អកុសលនៃសង្គ្រាមដ៏យូរអង្វែងរបស់ពួកគេ”។
លោក ត្រាំ ពួកគេ (កម្ពុជាថៃ) បានយល់ព្រមបញ្ឈប់ការបាញ់ប្រហារទាំងអស់ ដែលមានប្រសិទ្ធភាពនៅល្ងាចនេះ ហើយត្រឡប់ទៅរកកិច្ចព្រមព្រៀង សន្តិភាពដើមដែលបានធ្វើឡើងជាមួយខ្ញុំ និងពួកគេ ដោយមានជំនួយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដ៏អស្ចារ្យ លោក អាន់វ៉ា អ៊ីប្រាហ៊ីម” លោកបានមានប្រសាសន៍ ដោយសំដៅទៅលើកិច្ចព្រមព្រៀងដែលបានធ្វើឡើងក្នុងខែកក្កដា។
លោក ត្រាំ បានកត់សម្គាល់ថា “ប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាព និងការបន្តធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក” ដោយថ្លែងអំណរគុណដល់លោក អាន់វ៉ា ចំពោះជំនួយរបស់លោក។
ប្រែសម្រួល: ណៃ តុលា
