នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជំរុញឲ្យថៃ និងកម្ពុជា បញ្ឈប់ការបាញ់ប្រហារនៅម៉ោង ១០:០០ យប់ ថ្ងៃទី១៣ ខែធ្នូនេះ រួមទាំងប្រើការតាមដានផ្កាយរណបដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក
បរទេស៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានឲ្យដឹងថា បន្តការពិភាក្សារបស់ខ្ញុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងដោយគិតគូរពីភាពតានតឹងដែលកំពុងបន្តកើតមាននៅតាមព្រំដែនកម្ពុជា-ថៃ ខ្ញុំបានធ្វើការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបន្តថា នៅក្នុងការពិភាក្សានេះ ខ្ញុំបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រទេសម៉ាឡេស៊ី និងបានជំរុញឱ្យភាគីទាំងពីរបញ្ឈប់គ្រប់ទម្រង់នៃអរិភាព និងកុំចាត់វិធានការយោធាបន្ថែមទៀត រួមទាំងការប្រើប្រាស់អំពើហិង្សា ឬការចល័តកងកម្លាំងប្រដាប់អាវុធទៅកាន់ជួរមុខ ដែលមានប្រសិទ្ធភាពចាប់ពីម៉ោង ១០:០០ យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ។
ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង និងបង្កើនតម្លាភាព ប្រទេសម៉ាឡេស៊ីបានស្នើសុំការចាត់តាំងក្រុមអ្នកសង្កេតការណ៍អាស៊ាន (ក្រុមអ្នកសង្កេតការណ៍អាស៊ាន – AOT) ដឹកនាំដោយមេបញ្ជាការកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី ដើម្បីតាមដានស្ថានភាពនៅក្នុងសមរភូមិ។ បេសកកម្មនេះក៏នឹងត្រូវបានគាំទ្រដោយការតាមដានផ្កាយរណបដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយចាប់ផ្តើមក្នុងពេលតែមួយ។
ប្រែសម្រួល: ណៃ តុលា
