ព័ត៌មានអន្តរជាតិ

ចិនបង្ហាញមហិច្ឆិតា ក្នុងការធ្វើការជាមួយនឹង អារ៉ា ប៊ីសាអូឌីត ដើម្បីលើកកំពស់ទំនាក់ទំនង ទៅដល់កម្រិតថ្មីមួយ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រទេសចិនតែងតែចាត់ទុកប្រទេសអារ៉ាប៊ីសាអូឌីត ជាអាទិភាពមួយនៅ ក្នុងផ្នែកការទូត មជ្ឈិមបូព៌ារបស់ខ្លួន និងជាដៃគូដ៏សំខាន់ ក្នុងយុទ្ធសាស្ត្រការទូត ពិភពលោករបស់ខ្លួន ហើយមានឆន្ទៈ ក្នុងការធ្វើការជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីលើកកម្ពស់ទំនាក់ទំនង ទ្វេភាគីឱ្យកាន់តែខ្ពស់ឡើងផងដែរ។

លោក Wang Yi ដែលជាសមាជិកនៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានធ្វើការកត់សម្គាល់ក្នុងពេលធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទីប្រាំនៃអនុគណៈកម្មាធិការនយោបាយ នៃគណៈកម្មាធិការចម្រុះជាន់ខ្ពស់ចិន-អារ៉ាប៊ីសាអូឌីតនៅទីក្រុង Riyadh ជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan Al Saud។

លោក Wang បាននិយាយថា អារ៉ាប៊ីសាអូឌីត គឺជាសមាជិកដ៏សំខាន់នៃពិភពអារ៉ាប់ និងឥស្លាម និងជាកម្លាំងឯករាជ្យក្នុងដំណើរការពហុប៉ូឡានីយកម្ម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតីចិន Xi Jinping និងមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud ក៏ដូចជារាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman Al Saud បានធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសទាំងពីរបានរីកចម្រើន ក្នុងលក្ខណៈល្អ និងស្ថិរភាព។ លោកបានបន្ថែមថាទំនាក់ទំនង ចិន-អារ៉ាប៊ីសាអូឌីត បានដើរហួសពីឥទ្ធិពល នៃទំនាក់ទំនងទ្វេភាគី។

លោកបាននិយាយថា ប្រទេសចិន តែងតែចាត់ ទុកអារ៉ាប៊ីសាអូឌីត ជាអាទិភាពមួយនៅក្នុងផ្នែកការទូត មជ្ឈិមបូព៌ារបស់ខ្លួន និងជាដៃគូដ៏សំខាន់ក្នុងយុទ្ធសាស្ត្រការទូត សកលរបស់ខ្លួន ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីអនុវត្តការឯកភាពដ៏សំខាន់ ដែលមេដឹកនាំ ប្រទេសទាំងពីរសម្រេចបានផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top