ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ អង្គការសហប្រជាជាតិ ថ្កោលទោសការវាយប្រហារ ភេរវកម្មនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី

អង្គការសហប្រជាជាតិ ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្ម ក្នុងការប្រារព្ធពិធីបុណ្យ Hanukkah នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យរងលោក Farhan Haq បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គលេខាធិការអង្គការ សហប្រជាជាតិ សូមសម្តែងការចូលរួមរំលែក ទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារជនរងគ្រោះ និងសូមជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ និងពេញលេញ។

អគ្គលេខាធិការបានសម្តែង សាមគ្គីភាពជាមួយប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលីក្នុងអំឡុងពេលដ៏លំបាកនេះ និងបង្ហាញពីសាមគ្គីភាពជា មួយសហគមន៍ជ្វីហ្វនៅក្នុងប្រទេស និងទូទាំងពិភពលោក ខណៈពេលដែលពួកគេជួបជុំគ្នាដើម្បីអបអរសាទរសន្តិភាព និងពន្លឺ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

លោកអគ្គលេខាធិការ បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រឆាំងនឹងពួកយូដាគ្រប់ទម្រង់ទាំងអស់ ហើយបានបញ្ជាក់ជាថ្មីថា ការវាយប្រហារលើសហគមន៍សាសនា និងការប្រារព្ធពិធីដោយសន្តិវិធី គឺវាយប្រហារទៅលើតម្លៃស្នូលនៃការអត់ឱន ការរួមរស់ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស៕
ប្រែសម្រួល ឈូក បូរ៉ា

To Top