ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី រិះគន់ផែនការ តំបន់សេដ្ឋកិច្ចដុនបាស របស់សហរដ្ឋអាមេរិក

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ផែនការដែលស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បីបង្កើត “តំបន់សេដ្ឋកិច្ចសេរី” នៅក្នុងផ្នែកខ្លះនៃតំបន់ដុនបាស ភាគខាងកើត គឺអយុត្តិធម៌ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ហ្សេឡីនស្គី បានលើកឡើងថា វានៅតែមិនច្បាស់លាស់ថាអ្នកណានឹងគ្រប់គ្រងតំបន់សេដ្ឋកិច្ចដែលបានស្នើឡើង ហើយបានបន្ថែមថា អ៊ុយក្រែនត្រូវតែស្វែងរកមធ្យោបាយជំនួស ដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ី ប្រសិនបើការចរចាសន្តិភាពបច្ចុប្បន្នបរាជ័យ។

ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានដកស្រង់សម្តីរបស់ប្រធានាធិបតីអ៊ុយក្រែនរូបេនះ ដែលបានឲ្យដឹងថា សហរដ្ឋអាមេរិកបានស្នើឱ្យមានការសម្របសម្រួលមួយ ដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននឹងដកខ្លួនចេញពីតំបន់នោះ ហើយរុស្ស៊ី នឹងមិនចូលទៅក្នុងតំបន់ខ្លះនៃភាគខាងកើតអ៊ុយក្រែនឡើយ។

នៅក្នុងនោះដែរលោក ហ្សេឡិនស្គី បន្ថែមថា “យើងត្រូវរួបរួមគ្នា ស្វែងរកវិធីសាស្រ្តមួយផ្សេងទៀត និងធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់សង្គ្រាមនេះ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top