ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងបាងកកថា ការចោទថា ពលរដ្ឋរុស្ស៊ីជាប់ពាក់ព័ន្ធ ជាទាហានស៊ីឈ្នួល ក្នុងជម្លោះព្រំដែនថៃ-កម្ពុជា គឺអាចប្រឈមនឹងហានិភ័យបំផ្លាញ ទំនាក់ទំនងយូរអង្វែង រវាងរុស្ស៊ី និងថៃ
បរទេស ÷ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា របាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួន ដែលអះអាងថាពលរដ្ឋរុស្ស៊ី បានជាប់ពាក់ព័ន្ធជាទាហានស៊ីឈ្នួល ក្នុងការប្រយុទ្ធគ្នា តាមបណ្តោយព្រំដែនថៃ-កម្ពុជា គឺមិនពិតនោះទេ។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ខ្លួន ស្ថានទូតរុស្ស៊ីបាននិយាយថា របាយការណ៍ទាំងនោះមិនពិត ហើយហាក់ដូចជាត្រូវបានប្រឌិតចេញ ពីប្រភពនៅខាងក្រៅតំបន់។ ស្ថានទូតបានបន្តថា ការចោទប្រកាន់ទាំងនេះអាចប៉ះពាល់ ដល់សិទ្ធិរបស់ពលរដ្ឋរុស្ស៊ីនៅក្នុងប្រទេសថៃ ដែលកំពុងស្ថិតនៅក្នុងប្រទេសនេះក្នុងនាមជាអ្នកទេសចរ ឬសម្រាប់អាជីវកម្ម ហើយប្រឈមនឹងហានិភ័យនៃការបំផ្លាញ ទំនាក់ទំនងយូរអង្វែងរវាងរុស្ស៊ី និងថៃ។
ស្ថានទូតបាននិយាយថា រុស្ស៊ីរក្សាទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជាមួយទាំងប្រទេសថៃ និងកម្ពុជា និងគាំទ្រដំណោះស្រាយដោយ សន្តិវិធីចំពោះជម្លោះព្រំដែន។
សេចក្តីថ្លែងការណ៍នេះបានលើកឡើងពីការ កត់សម្គាល់របស់ក្រសួងការបរទេសរុស្ស៊ីដែលបានធ្វើឡើងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី ១១ ខែធ្នូ ដែលទីក្រុងមូស្គូបានបញ្ជាក់ជាថ្មី នូវជំហររបស់ខ្លួនថា ជម្លោះរវាងប្រទេសថៃ និងកម្ពុជាគួរតែត្រូវបានដោះស្រាយទាំង ស្រុងតាមរយៈមធ្យោបាយសន្តិភាព៕
ប្រែសម្រួល: ណៃ តុលា
