ព័ត៌មានអន្តរជាតិ

លោក Donald Trump ចោទវ៉េណេស៊ុយអេឡាថា បានលួចប្រេងរបស់អាមេរិក

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ចេញការបិទផ្លូវប្រេងលើប្រទេសវេណេហ្ស៊ុយអេឡា ដោយបង្វែរទិសដៅកងនាវាចរអាមេរិកដ៏ធំនៅការីប៊ីន ពីប្រតិបត្តិការប្រឆាំងនឹង “ពួកភេរវករ” ដែលត្រូវបានចោទប្រកាន់ រហូតឈានដល់ការស្ទាក់ចាប់ “នាវាដឹកប្រេងដែលមានទណ្ឌកម្ម” ដែលបានចូល និងចាកចេញពីប្រទេសវ៉េណេស៊ុយអេឡា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានប្រកាសពីការផ្លាស់ប្តូរនេះនៅក្នុងការបង្ហោះ Truth Social កាលពីថ្ងៃអង្គារ ដោយពណ៌នាថា វាជា “ការទប់ស្កាត់ទាំងស្រុង និងពេញលេញនៃនាវាដឹកប្រេងដែលត្រូវបានដាក់ទណ្ឌកម្មទាំងអស់ដែលនឹងចូល និងចេញពីប្រទេស វ៉េណេស៊ុយអេឡា” ។

លោក Trump បានបន្ថែមថា “វេណេហ្ស៊ុយអេឡាត្រូវបានហ៊ុំព័ទ្ធដោយអាវុធដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិកខាងត្បូង។ វានឹងកាន់តែធំឡើង ហើយភាពតក់ស្លុតចំពោះពួកគេនឹងដូចអ្វីដែលពួកគេមិនធ្លាប់បានឃើញពីមុនមក រហូតដល់ពេលដែលពួកគេប្រគល់មកឱ្យសហរដ្ឋអាមេរិកវិញនូវប្រេង ដី និងទ្រព្យសម្បត្តិផ្សេងទៀតដែលពួកគេបានលួចពីយើងពីមុនមក” ។

ការប្រកាសនេះបន្ទាប់ពីការរឹបអូសយកកប៉ាល់ដឹកប្រេងដ៏ធំរបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះនៅឆ្នេរសមុទ្ររបស់វ៉េណេស៊ុយអេឡា ដែលជាសកម្មភាពយោធាផ្ទាល់ដ៏កម្រមួយប្រឆាំងនឹងការនាំចេញប្រេងពី វ៉េណេស៊ុយអេឡា ។

លោក Trump ក៏បានដាក់ឈ្មោះរដ្ឋាភិបាលរបស់ប្រធានាធិបតី Nicolas Maduro ថាជា “អង្គការភេរវករបរទេស” ដោយអះអាងថា ប្រេងរបស់ខ្លួនបានចំណេញដល់បណ្តាញឧក្រិដ្ឋកម្ម និងបំផ្លាញសន្តិសុខក្នុងតំបន់៕
ប្រែសម្រួលៈ ណៃ តុលា

To Top