ព័ត៌មានអន្តរជាតិ

​ គណបក្សភឿថៃ បង្ហាញបេក្ខជន នាយករដ្ឋមន្ត្រី​ បីរូប​ សម្រាប់ការបោះឆ្នោត

បាងកក៖ គណបក្សភឿថៃនៃប្រទេសថៃ បានប្រកាសបេក្ខជននាយករដ្ឋមន្ត្រីបីរូប នៅថ្ងៃអង្គារនេះ​ គឺលោក យ៉តឆាណាន វង្សសាវ៉ាត់​ លោក ស៊ូរីយ៉ា ជួងរុងរួងគិត និងលោក ជូឡាភុន អាម៉នវីវ៉ាត​ ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោត។

យោងតាមប្រវត្តិរូបសង្ខេបដែលចេញ ផ្សាយដោយគណបក្សភឿថៃ លោក យ៉តឆាណាន គឺជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យម៉ាហ៊ីដុល ហើយក៏ជាអនុប្រធានផ្នែកស្រាវជ្រាវ នៃសាកលវិទ្យាល័យផងដែរ។

លោក ស៊ូរីយ៉ា គឺជានាយកផ្នែកបោះឆ្នោតរបស់គណបក្សភឿថៃ និងជាអតីតឧបនាយករដ្ឋមន្ត្រី ដែលធ្លាប់កាន់តំណែងរដ្ឋមន្ត្រីជាច្រើន។​ លោក ជូឡាភុន បច្ចុប្បន្នជាមេដឹកនាំគណបក្សភឿថៃ។ លោកធ្លាប់បម្រើការជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេស។

គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានប្រកាសនៅថ្ងៃចន្ទថា ការបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រថ្មីត្រូវបានគ្រោងធ្វើនៅថ្ងៃទី៨​ ខែកុម្ភៈ ឆ្នាំ២០២៦​គណបក្សនយោបាយទាំងអស់ ត្រូវតែដាក់បេក្ខជននាយករដ្ឋមន្ត្រីរបស់ពួកគេរវាងថ្ងៃទី២៨​ និងថ្ងៃទី៣១​ ខែធ្នូ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top