ហ្វីលីពីន បញ្ជាក់ពីដំណើរ របស់ជនសង្ស័យ ដែលបាញ់ប្រហារនៅឆ្នេរ Bondi មុនពេលមានការវាយប្រហារ
ម៉ានីល៖ ការិយាល័យអន្តោប្រវេសន៍ (BI) របស់ប្រទេស ហ្វីលីពីន នៅថ្ងៃអង្គារនេះបានបញ្ជាក់ថា ខ្មាន់កាំភ្លើងពីរនាក់ នៅក្នុងការបាញ់ប្រហារដ៏ធំបំផុតមួយ របស់ប្រទេសអូស្ត្រាលី បានមកទស្សនាប្រទេសហ្វីលីពីនកាលពីខែមុន។
លោក Naveed Akram និងខ្មាន់កាំភ្លើង ដែលជាឪពុកអាយុ ៥០ឆ្នាំរបស់រូបគេ គឺលោក Sajid Akram បានមកដល់ពីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃទី១ ខែវិច្ឆិកា ហើយអ្នកទាំងពីរ បានប្រកាសថាទីក្រុង Davao នៅភាគខាងត្បូងប្រទេសហ្វីលីពីន ជាគោលដៅរបស់ពួកគេ នេះបើយោងតាមអ្នកនាំពាក្យរបស់ BI លោក Dana Sandoval។
លោក Sandoval បានលេីកឡេីងថា “ពួកគេបានចាកចេញពីប្រទេសនេះនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើជើងហោះហើរតភ្ជាប់ពីទីក្រុង Davao ទៅកាន់ទីក្រុងម៉ានីល ដោយមានទីក្រុងស៊ីដនីជាគោលដៅចុងក្រោយរបស់ពួកគេ”។
ក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន (NSC) បានឧ្យដឹងថា ខ្លួនបានដឹងអំពីរបាយការណ៍ដែលភ្ជាប់ជនសង្ស័យទៅនឹងការធ្វើដំណើរនៅក្នុងប្រទេសហ្វីលីពីន ហើយព័ត៌មាននេះកំពុងត្រូវបានផ្ទៀងផ្ទាត់។
ទីភ្នាក់ងារនេះបានបន្ថែមថា មិនមានព័ត៌មានបញ្ជាក់ណាមួយដែលបង្ហាញថា ដំណើរទស្សនកិច្ចនេះ បានបង្កការគំរាមកំហែងដល់សន្តិសុខ ឬការព្រួយបារម្ភភ្លាមៗនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
