អនុប្រធានាធិបតី វ៉េណេស៊ុយអេឡាថា អាមេរិកមានចេតនាពិតប្រាកដ ដើម្បីកាន់កាប់ប្រេង ដី និងរ៉ែ របស់វេណេហ្ស៊ុយអេឡា
បរទេស៖ វ៉េណេស៊ុយអេឡាបានថ្កោលទោសការបិទផ្លូវដឹកប្រេង របស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើប្រទេសវ៉េណេស៊ុយអេឡា ដោយនិយាយថា វោហាសាស្ត្រ “អ្នកធ្វើអន្តរាគមន៍ និងអាណានិគមនិយម ” របស់លោក Trump បង្ហាញឱ្យឃើញពីផែនការដ៏យូរអង្វែង របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដណ្តើមយកធនធានធម្មជាតិ វេណេស៊ុយអេឡា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដែលបានចេញផ្សាយ កាលពីល្ងាចថ្ងៃអង្គារ អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodríguez បាននិយាយថា ការកត់សម្គាល់របស់លោក Trump បានបង្ហាញពី “ចេតនាពិត” របស់សហរដ្ឋអាមេរិក “ដើម្បីកាន់កាប់ប្រេង ដី និងរ៉ែ របស់វេណេហ្ស៊ុយអេឡា” ។
រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានច្រានចោលការអះអាងរបស់លោក Trump ដែលថា វេណេហ្ស៊ុយអេឡាបាន “លួច” ទ្រព្យសម្បត្តិពីទីក្រុងវ៉ាស៊ីនតោន ហើយបានបរិហារវោហាសាស្ត្ររបស់លោក Trump ថាជា “អ្នកធ្វើអន្តរាគមន៍ និង អាណានិគមនិយម” ។ សេចក្តីថ្លែងការណ៍បានចោទប្រកាន់ប្រធានាធិបតី អាមេរិកពីបទរំលោភច្បាប់អន្តរជាតិ ពាណិជ្ជកម្មសេរី និងសេរីភាពនៃការធ្វើនាវាចរណ៍ ដោយបញ្ជាកងកម្លាំងជើងទឹកអាមេរិកនៅតំបន់ការ៉ាប៊ីន ដើម្បីការពារ “នាវាដឹកប្រេងដែលត្រូវបានដាក់ទណ្ឌកម្ម” មិនឱ្យចូល ឬចាកចេញពីដែនទឹកវេណេស៊ុយអេឡា។
លោកស្រី Rodríguez បាននិយាយថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន គឺជាផ្នែកមួយនៃ “យុទ្ធនាការដ៏ធំសម្បើមនៃការភូតកុហក និងឧបាយកល” ក្នុងគោលបំណងបង្ហាញ ភាពត្រឹមត្រូវនៃការប្រើប្រាស់ធនធានធម្មជាតិរបស់ប្រទេស វ៉េណេស៊ុយអេឡា។ លោកស្រីបានបន្ថែមថា សហរដ្ឋអាមេរិកតែងតែ ព្យាយាមគ្រប់គ្រងប្រទេស វេណេហ្ស៊ុយអេឡាទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ដោយមិនគិតពីការផ្លាស់ប្តូររដ្ឋបាល៕
ប្រែសម្រួលៈ ណៃ តុលា
