ព័ត៌មានអន្តរជាតិ

ប្រទេស​ចិន​បញ្ជាក់​ថា​ ខ្លួន​មាន​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​ទាំង​ថៃ​និង​កម្ពុជា​ ហើយថាកិច្ច​សហប្រតិបត្តិការ​នេះ​មិន​សំដៅ​ទៅ​ប្រទេស​ទី​បី​ណា​មួយ​ឡើយ

បរទេស៖ ប្រទេស​ចិន​នៅថ្ងៃ​ពុធ​បញ្ជាក់​ថា​ ខ្លួន​មាន​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​ទាំង​ថៃ​និង​កម្ពុជា​ ដោយ​បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​បន្ទាប់ពី​ទាហាន​ថៃ​បាន​រឹបអូស​អាវុធ​ផលិត​ដោយ​ចិន​តាម​បណ្តោយ​ព្រំដែន​។

យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ថា នៅថ្ងៃទី១៧ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួង។

អ្នកយកព័ត៌មានម្នាក់បានសួរអំពីរបាយការណ៍ដែលអះអាងថា អំឡុងពេលមានការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃ ទាហានថៃបានរឹបអូសសម្ភារៈយោធាពីកងកម្លាំងកម្ពុជា រួមទាំងកាំជ្រួចប្រឆាំងរថក្រោះដែលផលិតដោយចិន ហើយអ្វីដែលជាជំហររបស់ចិនចំពោះបញ្ហានេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា ប្រទេសចិនបានរក្សាកិច្ចសហប្រតិបត្តិការការពារជាតិជាធម្មតាជាមួយប្រទេសថៃ និងកម្ពុជានាពេលកន្លងមក។ កិច្ច​សហប្រតិបត្តិការ​នេះ​មិន​សំដៅ​ទៅ​ប្រទេស​ទី​បី​ណា​មួយ​ឡើយ ហើយ​ក៏​មិន​ពាក់ព័ន្ធ​នឹង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ​ដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top