ព័ត៌មានអន្តរជាតិ

ប្រទេសន័រវេស សន្យាផ្តល់ជំនួយចំនួន ៣១៤ លានដុល្លារអាមេរិក លើគ្រាប់រំសេវយន្ដហោះ F-16 និងជំនួយការពារដែនអាកាស ដល់ប្រទេសអ៊ុយក្រែន

អូស្លូ ៖ រដ្ឋាភិបាលន័រវេសនៅថ្ងៃពុធ បានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីមួយ សម្រាប់ប្រទេសអ៊ុយក្រែន ដែលមានតម្លៃប្រហែល ៣,២ ពាន់លានក្រូណឺរន័រវេស (៣១៤ លានដុល្លារអាមេរិក) ដោយផ្តោតលើគ្រាប់រំសេវ សម្រាប់យន្តហោះចម្បាំង F-16 និងប្រព័ន្ធការពារដែនអាកាសទំនើប។

មូលនិធិនេះកំពុងត្រូវបានសម្របសម្រួល តាមរយៈគំនិតផ្តួចផ្តើម JUMPSTART ដែលជាយន្តការមួយ ដែលផ្អែកលើកម្មវិធីលក់យោធា បរទេសរបស់សហរដ្ឋអាមេរិក (FMS)។ នេះអនុញ្ញាត ឱ្យប្រទេសន័រវេសទិញឧបករណ៍យោធាពេញលេញ និងសេវាកម្មគាំទ្រ ដោយផ្ទាល់ពីក្រសួងការពារជាតិ សហរដ្ឋអាមេរិក ដើម្បីធានាបាននូវការដឹកជញ្ជូនយ៉ាងឆាប់រហ័ស។

រដ្ឋាភិបាលបានឲ្យដឹងថា កញ្ចប់នេះនឹងត្រូវបានដឹកជញ្ជូនក្នុងពេលឆាប់ៗនេះ ។ វារួមបញ្ចូលទាំងគ្រាប់រំសេវសម្រាប់យន្ដហោះ F-16 ដែលមានតម្លៃជាង ១ ពាន់លានក្រូណឺរ និងផ្តល់មូលនិធិដល់ប្រព័ន្ធមួយដែលធ្វើឱ្យប្រសើរឡើងនូវរ៉ុក្កែត ដែលមានតម្លៃទាបទៅជាអាវុធ ដែលមានការណែនាំជាក់លាក់ សម្រាប់ប្រើប្រាស់ដោយយន្តហោះ ឬប្រព័ន្ធការពារដែនអាកាសលើដី។ ថវិកាចំនួន ៥០០ លានក្រូណឺរទៀតត្រូវបានបម្រុងទុក សម្រាប់មីស៊ីលបាញ់ពីលើអាកាស S-300។

គួរបញ្ជាក់ថា ជាមួយនឹងការចំណាយនេះ ការចូលរួមចំណែកសរុបរបស់ប្រទេសន័រវេសតាមរយៈគម្រោង JUMPSTART ក្នុងឆ្នាំ ២០២៥ បានឈានដល់ជិត ១០ ពាន់លានក្រូណឺរន័រវេស៕
ប្រែសម្រួល ឈូក បូរ៉ា

To Top