ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីថា រុស្ស៊ីនឹងយកទឹកដី របស់អ៊ុយក្រែន​ថែមទៀត ប្រសិនបើអឺរ៉ុបយកជើងរាទឹក ក្នុងសំណើសន្តិភាពរបស់អាមេរិក

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ីនឹងយកដីបន្ថែមទៀតនៅក្នុងអ៊ុយក្រែនដោយបង្ខំ ប្រសិនបើអ៊ុយក្រែន និងអ្នកនយោបាយនៅអឺរ៉ុប ដែលគាត់ចាត់ទុកជា “កូនជ្រូក” មិនចូលរួមជុំវិញសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ដំណោះស្រាយសន្តិភាព។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានជួបពិភាក្សាជាមួយរុស្ស៊ី និងដាច់ដោយឡែកពីគ្នាជាមួយទីក្រុងគៀវ និងមេដឹកនាំអឺរ៉ុប លើសំណើសម្រាប់ការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច ។ អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន មានការព្រួយបារម្ភ ចំពោះការទាមទារសម្បទានទឹកដី អ៊ុយក្រែន ហើយអ៊ុយក្រែនចង់បានការធានាសន្តិសុខកាន់តែខ្លាំង។

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងការពារជាតិ លោក ពូទីន បាននិយាយថា រុស្ស៊ីដែលបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែនក្នុងឆ្នាំ ២០២២ កំពុងរុលទៅមុខនៅលើគ្រប់សមរភូមិ ហើយនឹងសម្រេចបាននូវគោលបំណងរបស់ខ្លួនដោយកម្លាំង ឬតាមរយៈការទូត។

លោកពូទីនបាននិយាយថា “ប្រសិនបើភាគីប្រឆាំង និងអ្នកឧបត្ថម្ភបរទេសរបស់ពួកគេ បដិសេធមិនចូលរួមក្នុងការពិភាក្សាសំខាន់ៗ រុស្ស៊ីនឹងសម្រេចបាននូវការរំដោះទឹកដី ប្រវត្តិសាស្ត្ររបស់ខ្លួនដោយមធ្យោបាយយោធា”។

រុស្ស៊ីនិយាយថា ខ្លួនគ្រប់គ្រងប្រហែល 19% នៃអ៊ុយក្រែន រួមទាំងឧបទ្វីប គ្រីមៀ ដែលខ្លួនបញ្ចូលក្នុង ២០១៤ ក៏ដូចជាតំបន់ Donbas ភាគខាងកើត ភាគច្រើននៃតំបន់ Kherson និង Zaporizhzhia និងតំបន់ចំនួនបួនផ្សេងទៀត។

រុស្ស៊ីនិយាយទៀតថា តំបន់ គ្រីមៀ , Donbas, Kherson និង Zaporizhzhia ឥឡូវនេះជាផ្នែកមួយនៃប្រទេសរុស្ស៊ី។ អ៊ុយក្រែននិយាយថា ខ្លួននឹងមិនទទួលយកនោះទេ ហើយប្រទេសស្ទើរតែទាំងអស់ចាត់ទុកតំបន់ជាផ្នែករបស់អ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា

To Top