ព័ត៌មានអន្តរជាតិ

អឺរ៉ុប កំពុងតស៊ូជាមួយនឹងភាពតានតឹង ដែលជំរុញដោយពន្ធគយរបស់អាមេរិកអស់រយៈពេលមួយឆ្នាំ ខណៈដែលអតុល្យភាពផ្ទៃក្នុងកាន់តែធ្ងន់ធ្ងរឡើង

ព្រុចសែល៖ នៅព្រឹកពាក់កណ្តាលខែតុលា ក្រុមហ៊ុនផលិតគ្រឿងចក្រកសិកម្មអាល្លឺម៉ង់ Krone Group បានបញ្ឈប់ការផលិតម៉ាស៊ីនធំៗសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ពន្ធគយដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក បានធ្វើឱ្យការធ្វើអាជីវកម្មនៅទូទាំងអាត្លង់ទិក មានតម្លៃថ្លៃពេក ហើយនៅពេលដែលឆ្នាំ២០២៥ ជិតដល់ទីបញ្ចប់ សម្ពាធបង្ហាញសញ្ញាតិចតួចនៃការធូរស្រាល។

ក្រុមហ៊ុន Krone ដែលបានដំណើរការអស់រយៈពេលមួយសតវត្សរ៍មកហើយ មិនមែនជាក្រុមហ៊ុនតែមួយគត់ក្នុងចំណោមក្រុមហ៊ុនផលិតអឺរ៉ុបដែលមានអារម្មណ៍តានតឹងនោះទេ។ ពេញមួយឆ្នាំ ២០២៥ ពន្ធគយបានផ្លាស់ប្តូរទេសភាពសេដ្ឋកិច្ចរបស់អឺរ៉ុបដោយស្ងាត់ៗ។ អ្វីដែលបានចាប់ផ្តើមជាការតក់ស្លុតពីខាងក្រៅ បានធ្វើឱ្យស្ថានភាពពាណិជ្ជកម្មនៃតំបន់នេះចុះខ្សោយជាលំដាប់ ខណៈពេលដែលធ្វើឱ្យអតុល្យភាពផ្ទៃក្នុងកាន់តែទូលំទូលាយ។

សន្ទុះនៃតំបន់ចាយប្រាក់អឺរ៉ូ បានរសាត់បាត់បន្ទាប់ពីការចាប់ផ្តើមតិចតួចនៃឆ្នាំ២០២៥នេះ ខណៈដែលពន្ធគយរបស់សហរដ្ឋអាមេរិក ដែលបានដាក់នៅក្នុងនិទាឃរដូវ បានជះឥទ្ធិពលដល់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងខ្លាំង។ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ០.៦ ភាគរយនៅក្នុងត្រីមាសទីមួយពីបីខែមុន បន្ទាប់មកថយចុះមកត្រឹម ០.១ ភាគរយនៅក្នុងត្រីមាសទីពីរ និង ០.៣ ភាគរយនៅក្នុងត្រីមាសទីបី ដែលឆ្លុះបញ្ចាំងពីលំហូរពាណិជ្ជកម្មចុះខ្សោយ និងភាពមិនប្រាកដប្រជាកើនឡើង។

ផលប៉ះពាល់នេះត្រូវបានគេមើលឃើញយ៉ាងច្បាស់បំផុតនៅក្នុងសេដ្ឋកិច្ចធំៗរបស់សហភាពអឺរ៉ុប ។ យោងតាមការព្យាករណ៍រដូវរងាដោយវិទ្យាស្ថានសេដ្ឋកិច្ចឈានមុខគេរបស់ប្រទេសនេះ ដែលជាសេដ្ឋកិច្ចខ្សោយបំផុតក្នុងចំណោមសេដ្ឋកិច្ចជឿនលឿនធំៗ សេដ្ឋកិច្ចអាល្លឺម៉ង់ ត្រូវបានគេរំពឹងថា នឹងកើនឡើងត្រឹមតែ ០.១ ភាគរយប៉ុណ្ណោះនៅឆ្នាំ ២០២៥។

វិទ្យាស្ថានទាំងនេះបានលើកឡើងពីការចុះខ្សោយនៃការនាំចេញ និងការថយចុះភាពប្រកួតប្រជែងផ្នែកផលិតកម្ម ដែលជាកត្តាចម្បងដែលរារាំងកំណើន។ ចូលទៅក្នុងឆ្នាំ ២០២៥ ពួកគេនៅតែរំពឹងថាសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបនឹងកើនឡើង ០.៨ ភាគរយ ប៉ុន្តែពួកគេបានកែសម្រួលការព្យាករណ៍របស់ពួកគេយ៉ាងខ្លាំង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានបង្ហាញវិធានការពន្ធគយរបស់ខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top