ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ហៅទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសថៃ

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃព្រហស្បតិ៍ បានសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow។ ទាំងភាគីកម្ពុជា និងថៃបានរាយការណ៍សង្ខេបទៅលោក Wang អំពីការវិវត្តន៍ចុងក្រោយបំផុតទាក់ទងនឹងការប៉ះទង្គិចគ្នាតាមព្រំដែនកម្ពុជា-ថៃ ហើយបានបង្ហាញពីឆន្ទៈរបស់ពួកគេក្នុងការកាត់បន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់មួយ។

យោងតាមសារព័ត៌មាន Global Times ចេញផ្សាយនៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Wang ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បាននិយាយថា ក្នុងនាមជាមិត្ត និងជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់កម្ពុជា និងថៃ ប្រទេសចិនមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតជនស៊ីវិលដែលបណ្តាលមកពីជម្លោះនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ។

លោកបានកត់សម្គាល់ថា ភាពខ្លាំងនៃការប៉ះទង្គិចគ្នានេះ គឺលើសពីឧប្បត្តិហេតុមុនៗ ហើយការអនុញ្ញាតឱ្យការប៉ះទង្គិចនេះបន្តទៀត នោះវានឹងមិនផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាង ស្របពេលដែលបំផ្លាញការរួបរួមអាស៊ានផងដែរ។ លោក Wang បានសង្កត់ធ្ងន់ថា អាទិភាពកំពូលគឺធ្វើការសម្រេចចិត្តភ្លាមៗ ដើម្បីបញ្ឈប់ការខាតបង់ កាត់បន្ថយទាន់ពេលវេលា និងកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ។

លោក Wang បាននិយាយថា ប្រទេសចិនបានប្រកាន់ខ្ជាប់នូវវិធីសាស្រ្តនៃការលើកទឹកចិត្តដល់ការចរចាសន្តិភាព និងធ្វើសកម្មភាពដោយយុត្តិធម៌ និងមិនលំអៀងលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន។

លោក Wang បាននិយាយទៀតថា បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីមកពីក្រសួងការបរទេសចិន បានចេញដំណើររួចហើយសម្រាប់កម្ពុជា និងថៃដើម្បីធ្វើកិច្ចសហប្រតិបត្តិការការទូតដោយលោក Wang ដោយកត់សម្គាល់ថា ប្រទេសចិននឹងបន្តដើរតួនាទីជាស្ពាន និងខិតខំប្រឹងប្រែងក្នុងន័យស្ថាបនា ដើម្បីជំរុញការកសាងសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរ។

ប្រែប្រួលៈ ណៃ តុលា

To Top