ព័ត៌មានអន្តរជាតិ

អ្នកចរចាអាមេរិក និងរុស្ស៊ី នឹងជួបគ្នានៅទីក្រុងម៉ៃអាមី ស្តីពីកិច្ចព្រមព្រៀង សន្តិភាព ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន

វ៉ាស៊ីនតោន៖ អ្នកចរចាអាមេរិក និងរុស្ស៊ីត្រូវបានគេរំពឹងថា  នឹងធ្វើកិច្ចចរចានៅទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិក នៅចុងសប្តាហ៍នេះ ស្តីពីកិច្ចព្រមព្រៀង សន្តិភាព ដែលមានគោលបំណង បញ្ចប់វិបត្តិអ៊ុយក្រែន ដែលមានរយៈពេល ជិតបួនឆ្នាំ នេះបើយោងតាមការចុះផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Politico កាលពីថ្ងៃពុធ។

កាលវិភាគនៅតែមិនស្ថិតស្ថេរ ហើយប្រសិនបើពួកគេជួបគ្នា រដ្ឋបាលលោក ត្រាំ នឹងបង្ហាញដល់ភាគីរុស្ស៊ី អំពីការវិវឌ្ឍចុងក្រោយបំផុត បន្ទាប់ពីការចរចារវាងមន្ត្រីអាមេរិក អ៊ុយក្រែន និងអឺរ៉ុប នៅទីក្រុងប៊ែរឡាំង កាលពីចុងសប្តាហ៍មុន នេះបើយោងតាមរបាយការណ៍ ដែលបានដកស្រង់សម្តី មនុស្សពីរនាក់ ដែលដឹងពីបញ្ហានេះ។

របាយការណ៍បានឲ្យដឹងថា លោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោក Jared Kushner កូនប្រសាររបស់លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងតំណាងឱ្យភាគីអាមេរិក ខណៈដែលគណៈប្រតិភូរុស្ស៊ី ត្រូវបានគេរំពឹងថានឹងរួមបញ្ចូល បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន គឺលោក Kirill Dmitriev។

ទីប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែន លោក Rustem Umerov ក៏ត្រូវបានគេរំពឹងថា នឹងជួបជាមួយគណៈប្រតិភូ សហរដ្ឋអាមេរិក ដោយឡែកពីគ្នានៅទីក្រុង Miami ឬទីតាំងមួយផ្សេងទៀត នៅសហរដ្ឋអាមេរិកនៅចុងសប្តាហ៍ខាងមុខ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

មន្ត្រីរដ្ឋបាលលោក ត្រាំ បានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ុយក្រែន បានឈានដល់ការឯកភាពគ្នា ឬបានបិទគម្លាតយ៉ាងច្រើនលើ ៩០ ភាគរយនៃភាពខុសគ្នា របស់ពួកគេលើសេចក្តីព្រាង ផែនការសន្តិភាពចំនួន ២០ ចំណុចរបស់សហរដ្ឋអាមេរិកក្នុងអំឡុង ពេលចរចានៅទីក្រុងប៊ែរឡាំង កាលពីចុងសប្តាហ៍មុន។

ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែន អាចផ្អាកការដេញថ្លៃរបស់ខ្លួន ដើម្បីចូលរួមជាមួយអង្គការណាតូ ជាថ្នូរនឹងការធានាសន្តិសុខរបស់លោកខាងលិច ដើម្បីការពារជម្លោះឡើងវិញជាមួយរុស្ស៊ី ប្រសិនបើកិច្ចព្រមព្រៀង សន្តិភាពត្រូវបានសម្រេច ដោយទីក្រុងគៀវ ស្វែងរកការការពារ ដែលអាចប្រៀបធៀប ទៅនឹងការការពារ ដែលផ្តល់ ឱ្យសមាជិកសម្ព័ន្ធមិត្ត និង ការធានា ដែលសហរដ្ឋអាមេរិក មិនទាន់បានផ្តល់ ជូនរហូតមកដល់ពេលនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top