ព័ត៌មានអន្តរជាតិ

សភាអាល្លឺម៉ង់ អនុម័តថវិកាយោធា ចំនួន ៥០ ពាន់លានអឺរ៉ូ

ប៊ែរឡាំង៖ គណៈកម្មាធិការថវិកា នៃសភាអាល្លឺម៉ង់ ដែលជាសភា ជាន់ទាប នៅថ្ងៃពុធនេះ បានអនុម័តគម្រោងផ្គត់ផ្គង់ សម្ភារៈការពារជាតិថ្មីចំនួន ៣០ សម្រាប់កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ដែលមានតម្លៃសរុបជិត ៥០ ពាន់លានអឺរ៉ូ (៥៨,៧៥ ពាន់លានដុល្លារអាមេរិក)។ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយក្រសួង ការពារជាតិ សហព័ន្ធអាល្លឺម៉ង់ គម្រោងដែលត្រូវបានអនុម័តនេះ គ្របដណ្តប់លើដែនគោក ដែនអាកាស ដែនសមុទ្រ និងដែនអ៊ីនធឺណិត។

ការផ្គត់ផ្គង់សំខាន់ៗរួមមានមីស៊ីល PAC-3 MSE ប្រព័ន្ធការពារដែនអាកាស IRIS-T SLM និងមីស៊ីល Meteor សម្រាប់យន្តហោះចម្បាំង Eurofighter។ កញ្ចប់នេះក៏អនុញ្ញាតឱ្យទិញឧបករណ៍ផ្ទាល់ខ្លួន សម្រាប់ទាហានប្រហែល ៤៦០.០០០ នាក់ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ជាមួយនឹងការសម្រេចចិត្តនៅថ្ងៃពុធ គម្រោងការពារជាតិ សរុបចំនួន ១០៣ ត្រូវបានអនុម័តនៅឆ្នាំ ២០២៥ ដោយឈានដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រចំនួន ៨២,៩៨ ពាន់លានអឺរ៉ូ គិតជាតម្លៃរួមបញ្ចូលគ្នា នេះបើយោងតាមសេចក្តីថ្លែងការណ៍ ។ យោងតាមច្បាប់អាល្លឺម៉ង់ កិច្ចសន្យាផ្គត់ផ្គង់សម្ភារៈការពារជាតិដែលលើសពី ២៥ លានអឺរ៉ូ តម្រូវឱ្យមានការយល់ព្រមពីគណៈកម្មាធិការថវិការបស់ Bundestag។

គួរបញ្ជាក់ថា ប្រទេសនេះ កំពុងបង្កើន ការចំណាយលើវិស័យការពារជាតិ ដោយរដ្ឋាភិបាលចម្រុះថ្មីបានផ្លាស់ប្តូរ ទៅលើកលែងការចំណាយលើវិស័យការពារជាតិ ពីការរឹតបន្តឹងបំណុល ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ៕

To Top