ព័ត៌មានអន្តរជាតិ

ចិន ជំរុញឱ្យអាមេរិក បញ្ឈប់ទង្វើគ្រោះថ្នាក់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន យល់ព្រមលក់អាវុធយ៉ាងច្រើន ដល់តៃវ៉ាន់

ប៉េកាំង៖ សហរដ្ឋអាមេរិក គួរតែបញ្ឈប់ «ទង្វើគ្រោះថ្នាក់» របស់ខ្លួនជាបន្ទាន់ក្នុងការផ្តល់អាវុធដល់តៃវ៉ាន់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹង នៅពេលធ្វើអត្ថាធិប្បាយលើការយល់ព្រមរបស់សហរដ្ឋអាមេរិក ចំពោះកញ្ចប់លក់អាវុធ ដែលមានតម្លៃប្រហែល ១១ ពាន់លានដុល្លារអាមេរិកដល់តំបន់តៃវ៉ាន់។

លោក Guo បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាន ជាប្រចាំថា សហរដ្ឋអាមេរិក បានប្រកាសយ៉ាងច្បាស់អំពីផែនការ របស់ខ្លួនក្នុងការលក់អាវុធទំនើបៗ យ៉ាងច្រើនដល់តំបន់តៃវ៉ាន់ របស់ប្រទេសចិន ដែលរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួម ទាំងបីរវាងចិន-សហរដ្ឋអាមេរិក ។

លោកបានលើកឡើងថា ចលនារបស់សហរដ្ឋអាមេរិករំលោភលើអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ប្រទេសចិន ធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងបញ្ជូនសញ្ញាខុសយ៉ាងធ្ងន់ធ្ងរទៅកាន់កងកម្លាំងបំបែកខ្លួន «ឯករាជ្យភាពតៃវ៉ាន់»។ លោកបានបន្ដថា «ប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ និងថ្កោលទោសយ៉ាងខ្លាំងចំពោះរឿងនេះ»។

លោកបានបន្ដថា កងកម្លាំងបំបែកខ្លួន «ឯករាជ្យតៃវ៉ាន់» នៅលើកោះនេះព្យាយាម ជំរុញរបៀបវារៈ «ឯករាជ្យ» របស់ពួកគេ និងទប់ទល់នឹងការបង្រួបបង្រួម តាមរយៈការកសាងយោធា ខ្ជះខ្ជាយលុយរបស់អ្នកជាប់ពន្ធ ដើម្បីទិញអាវុធ។ លោកបានបន្ថែមថា ចលនាបែបនេះនឹងមិនបញ្ច្រាស់ការបរាជ័យ ដែលជៀសមិនរួចនៃ «ឯករាជ្យភាពតៃវ៉ាន់» នោះទេ ហើយនឹងរុញច្រានច្រកសមុទ្រតៃវ៉ាន់ ឲ្យធ្លាក់ចូលក្នុងគ្រោះថ្នាក់នៃជម្លោះយោធាក្នុងល្បឿនលឿនជាងមុន ។ សម្រាប់សហរដ្ឋអាមេរិក ការជួយរបៀបវារៈ «ឯករាជ្យ» ដោយការបំពាក់អាវុធដល់តៃវ៉ាន់នឹងមានផលវិបាកតែប៉ុណ្ណោះ ហើយការប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ស្កាត់ចិន នឹងមិនដែលជោគជ័យឡើយ ។

លោកបានបន្ថែមថា ដោយកត់សម្គាល់ថា បញ្ហាតៃវ៉ាន់ គឺជាស្នូល នៃផលប្រយោជន៍ស្នូលរបស់ចិន ហើយជាខ្សែបន្ទាត់ក្រហមដំបូង ដែលមិនត្រូវឆ្លងកាត់ក្នុងទំនាក់ទំនង ចិន-អាមេរិក លោក Guo បានគូសបញ្ជាក់ថា គ្មាននរណាម្នាក់អាចមើលស្រាលឆន្ទៈរឹងមាំ និងសមត្ថភាពដ៏រឹងមាំរបស់រដ្ឋាភិបាលចិន និងប្រជាជនចិនក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីបានឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top