ព័ត៌មានអន្តរជាតិ

ជនភៀសខ្លួន ដោយសារសង្គ្រាមនៅក្នុងប្រទសេថៃ កំពុងស្ថិតក្រោមភាពតានតឹងខ្លាំង ខណៈក្រុមហ៊ុនហិរញ្ញវត្ថុទាក់ទងមកឱ្យបង់លុយ

បរទេស៖ ជនភៀសខ្លួននៅក្នុងប្រទេសថៃ ដែលបានភៀសខ្លួនចេញពីសង្រ្គាមកម្ពុជា-ថៃ ស្ថិតក្រោមភាពតានតឹងយ៉ាងធ្ងន់ធ្ងរ ខណៈដែលក្រុមហ៊ុនហិរញ្ញវត្ថុអំពាវនាវទាមទារឱ្យសងប្រាក់។ មនុស្សជាច្រើនបានខ្ចីលុយពីសាច់ញាតិដើម្បីសងបំណុលដោយភ័យខ្លាចថា យានយន្តរបស់ពួកគេនឹងត្រូវដកហូតទៅវិញ។ ការប្រយុទ្ធគ្នាបានអូសបន្លាយអស់រយៈពេលជាង ១២ថ្ងៃមកហើយ ធ្វើឲ្យពួកគាត់មិនអាចធ្វើការ និងគ្មានប្រាក់ចំណូល។

យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ អ្នកសារព័ត៌មានបានរាយការណ៍ថា ការប្រយុទ្ធគ្នារវាងទាហានថៃ និងកម្ពុជាបានឈានចូលដល់ថ្ងៃទី១២ហើយ ។ អ្នកភូមិរាប់ពាន់នាក់មកពីតំបន់ព្រំដែនដែលបានជម្លៀសទៅជម្រកនៅក្នុងខេត្ត Buriram ប្រទេសថៃ កំពុងជួបប្រទះភាពតានតឹងកាន់តែខ្លាំងឡើង ដោយសារតែពួកគេមិនអាចធ្វើការ និងគ្មានប្រាក់ចំណូលជិតពីរសប្តាហ៍មកនេះ។

មនុស្សជាច្រើនត្រូវបានម្ចាស់បំណុល និងក្រុមហ៊ុនហិរញ្ញវត្ថុ ទាក់ទង ដោយទាមទារការបង់លុយសម្រាប់ការរំលស់រថយន្ត និងម៉ូតូ។ ប្រការនេះ ធ្វើឱ្យមានការព្រួយបារម្មណ៍ ព្រោះមិនដឹងថា រកលុយឯណា ដើម្បីបង់លុយសម្រាប់រំលស់ ដោយមិនអាចរកចំណូលបានជាង១០ថ្ងៃ។ ការសន្សំអ្វីក៏ដោយដែលពួកគេបានចំណាយភាគច្រើន ក្នុងអំឡុងពេលជម្លៀស។

ជាមួយគ្នានេះ សមាជិកមួយចំនួននៃក្រុមសន្តិសុខភូមិ ដែលទទួលបន្ទុកការពារផ្ទះសម្បែង ទ្រព្យសម្បត្តិ និងសត្វពាហនៈ សម្រាប់អ្នកជម្លៀសនៅតំបន់ក្រហម ក៏បានទទួលទូរស័ព្ទទាមទារបង់លុយសម្រាប់រំលស់ផងដែរ។ ពួកគេក៏ត្រូវខ្ចីប្រាក់ពីសាច់ញាតិ ឬអ្នកស្គាល់គ្នា ដើម្បីទូទាត់ប្រាក់។

ពួកគេបារម្ភថា យានជំនិះរបស់ពួកគេនឹងត្រូវបានគេរឹបអូសយកទៅវិញព្រោះយានជំនិះទាំងនេះមានសារៈសំខាន់សម្រាប់ការចិញ្ចឹមជីវិត។ ប្រសិនបើអាចធ្វើបាន ពួកគេបានជំរុញឱ្យក្រុមហ៊ុនហិរញ្ញវត្ថុ និងម្ចាស់បំណុលផ្តល់ការបន្ធូរបន្ថយ ឬពន្យារការបង់ប្រាក់ ដើម្បីកាត់បន្ថយបន្ទុកលើអ្នករស់នៅតាមព្រំដែន ដោយសារគ្មាននរណាម្នាក់ដឹងថានៅពេលណាដែលការប្រយុទ្ធនឹងបញ្ចប់ ឬនៅពេលណាដែលពួកគេអាចត្រឡប់ទៅធ្វើការធម្មតាវិញ។

ប្រែសម្រួលៈ ណៃ តុលា

To Top