ការធានារបស់សហភាពអឺរ៉ុប មិនគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់ ទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីជួយអ៊ុយក្រែននោះទេ
ប្រ៊ុចសែល៖ ការធានាដែលស្នើឡើងដោយសហភាពអឺរ៉ុប សម្រាប់ការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែនគឺ «នៅតែមិនគ្រប់គ្រាន់» នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Bart De Wever បានលើកឡើង ដោយព្រមានថា បែលហ្ស៊ិក នឹងមិនទទួលខុសត្រូវ ចំពោះហានិភ័យតែម្នាក់ឯងនោះទេ។
ថ្លែងទៅកាន់សភាបែលហ្ស៊ិក មុនកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប លោក De Wever បានឲ្យដឹងថា លោកមិនទាន់ បានឃើញអត្ថបទចុងក្រោយពីសហភាពអឺរ៉ុប ស្តីពីការធានាដែលអាចបញ្ចុះបញ្ចូលបែលហ្ស៊ិក ឱ្យយល់ព្រមនោះទេ ហើយរំពឹងថា ឯកសារច្បាស់លាស់ជាងនេះ នឹងត្រូវបានបង្ហាញនៅពេលក្រោយ។
មេដឹកនាំសហភាពអឺរ៉ុប បាននិង កំពុងជួបគ្នានៅទីក្រុងប្រ៊ុចសែលនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដើម្បីពិចារណាផែនការ ប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីគាំទ្រអ៊ុយក្រែន ។ ប្លុកនេះបានធ្វើឱ្យទ្រព្យសកម្មប្រហែល ២១០ ពាន់លានអឺរ៉ូ (២៤៦ ពាន់លានដុល្លារអាមេរិក) ជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរបស់រុស្ស៊ី ដោយប្រហែល ៩០ ភាគរយកាន់កាប់នៅក្នុងសហភាពអឺរ៉ុប ដោយក្រុមហ៊ុន Euroclear ដែលមានមូលដ្ឋាននៅបែលហ្ស៊ិក។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RIA Novosti លោក De Wever បានប្រាប់អ្នកតាក់តែងច្បាប់បែលហ្ស៊ិកថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី នៅក្នុងសហភាពអឺរ៉ុបអាច “នាំឱ្យមានផលប៉ះពាល់ជាច្រើន នៅពេលដែល Euroclear នឹងលែងអាចបំពេញតាមការរំពឹងទុករបស់អតិថិជនរបស់ខ្លួន ហើយស្ថិរភាពរបស់ស្ថាប័ននឹងស្ថិតក្នុងគ្រោះថ្នាក់ ហើយនោះនឹងជាសុបិន្តអាក្រក់ផ្នែកហិរញ្ញវត្ថុ”។
លោក De Wever បានកត់សម្គាល់ថា សំណើបច្ចុប្បន្នរបស់សហភាពអឺរ៉ុប អាចប្រឈមនឹង ការបំផ្លាញកេរ្តិ៍ឈ្មោះរបស់ Euroclear ធ្វើឱ្យប៉ះពាល់ដល់ទំនុក ចិត្តទីផ្សារហិរញ្ញវត្ថុនៅអឺរ៉ុប និង រំលោភលើច្បាប់អន្តរជាតិ នេះបើយោង តាមរបាយការណ៍ របស់ Politico Europe ។ លោកបានទទួលស្គាល់ថា មានក្រុមប្រទេសសហភាព អឺរ៉ុបមួយក្រុម ដែលគាំទ្រគំនិតប្រាក់កម្ចីសំណង រួមទាំងអាល្លឺម៉ង់ ប៉ូឡូញ និងរដ្ឋបាល់ទិក និងណ័រឌីក ដោយពណ៌នាពួកគេថាជា “ប្លុកធំ និងមានអំណាច” ហើយគណៈកម្មការអឺរ៉ុប ក៏មានទំនោរទៅរកទិសដៅនោះផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
