ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអូស្ត្រាលី ប្រកាសផែនការទិញកាំភ្លើង ពីទីផ្សារក្នុងប្រទេសមកវិញ ក្រោយហេតុការណ៍ វាយប្រហារនៅ Bondi

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាល​អូស្ត្រាលី ​បាន​ប្រកាស​ពី​ផែនការ ​សម្រាប់​ការ​ទិញ​កាំភ្លើង​ពីទីផ្សារសាធារណៈមក​វិញ​បន្ទាប់​ពី​ការ​បាញ់​ប្រហារ​ ដ៏​ធំ​កាលពី​សប្តាហ៍​ មុន​នៅ​ឆ្នេរ Bondi ក្នុង​ទីក្រុង​ស៊ីដនី។

នាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយកាលពីថ្ងៃសុក្រថា គ្រោងការណ៍នេះត្រូវបានគេរំពឹងថា នឹងយកអាវុធរាប់សែន ដើមចេញពីចរាចរបច្ចប្បន្ន ដែលមាននៅក្នុងទីផ្សារក្នុងស្រុក។

ការ​បាញ់​ប្រហារ​នៅ​ឆ្នេរ Bondi បាន​បណ្តាល​ ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១៥​នាក់​ស្លាប់ និង​ជាង​២០​នាក់​រង​របួស។ក្រុមអ្នកវាយប្រហារ ដែលត្រូវបានគេចោទប្រកាន់ថា បានសន្យាភក្តីភាពជាមួយក្រុមភេរវកររដ្ឋអ៊ីស្លាម (IS ដែលពីមុនជា ISIS) បានកំណត់គោលដៅនៃពិធីបុណ្យ Hanukkah ដែលរៀបចំដោយសហគមន៍ជ្វីហ្វក្នុងតំបន់។

ប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ ក្នុងចំណោមអ្នកបាញ់ប្រហារមានអាជ្ញាប័ណ្ណអាវុធ និងកាន់កាប់ដោយស្របច្បាប់ នូវកាំភ្លើងចំនួន ៦ ដើម ដែលកាំភ្លើងទាំងអស់ ត្រូវបានដកហូតពីកន្លែងកើតហេតុ។

លោក Albanese បានប្រកាសក្នុង ការធ្វើឱ្យគោល នយោបាយកាំភ្លើង ក្នុងស្រុកជាការផ្តោតសំខាន់ នៃការឆ្លើយតប របស់រដ្ឋាភិបាល ។ កាល​ពី​ថ្ងៃ​ចន្ទ ថ្នាក់​ដឹក​នាំ​រដ្ឋ និង​ដែនដី​របស់​អូស្ត្រាលី ​បាន​យល់​ព្រម​បន្ត​អនុវត្ត​ច្បាប់​ជាតិ​ឲ្យកាន់​តែ​តឹងរ៉ឹងជាងមុន។

គួរឲ្យដឹងដែរថាវិធានការ ដែលកំពុងពិភាក្សារួមមានការពន្លឿន ការចុះបញ្ជីអាវុធជាតិ ការកំណត់ចំនួនកាំភ្លើង ដែលបុគ្គលអាចមាន ធ្វើឱ្យសញ្ជាតិអូស្ត្រាលី ក្លាយជាតម្រូវការ សម្រាប់អាជ្ញាប័ណ្ណកាំភ្លើង និងការដាក់កម្រិតបន្ថែមទៀត លើប្រភេទអាវុធ ដែលត្រូវបានអនុញ្ញាតជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top