ព័ត៌មានអន្តរជាតិ

ជាសញ្ញាមិនល្អ អ្នកការទូតអ៊ីរ៉ង់ និងអាមេរិក មិនមានទំនាក់ទំនងគ្នា ជាច្រើនខែហើយ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា លោកលែងទាក់ទង ជាមួយបេសកជនពិសេស អាមេរិកប្រចាំ តំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដោយកត់សម្គាល់ថា បណ្តាញទំនាក់ទំនង របស់ពួកគេបានអសកម្ម អស់រយៈពេលជាច្រើនខែមកហើយ។

លោក Araghchi បានធ្វើការកត់សម្គាល់នេះ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី “Worlds Apart” របស់ RT ក្នុងអំឡុងពេលទស្សនកិច្ច នៅទីក្រុងមូស្គូ កាលពីដើមខែនេះ ដោយធ្វើអត្ថាធិប្បាយលើស្ថានភាព ទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា លោកធ្លាប់បានចរចា ជាមួយលោក Witkoff លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយកត់សម្គាល់ថា ភាគីទាំងពីរបានធ្វើកិច្ចចរចាចំនួនប្រាំជុំរវាងខែមេសា និងខែមិថុនា។ ជុំទីប្រាំមួយ ដែលគ្រោងធ្វើនៅថ្ងៃទី ១៥ ខែមិថុនា ត្រូវបានលុបចោល បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសភ្លាមៗលើអ៊ីរ៉ង់។

អ៊ីស្រាអែល បានធ្វើការវាយប្រហារ តាមអាកាសទ្រង់ទ្រាយធំ ដោយមិននឹកស្មានដល់នៅថ្ងៃទី ១៣ ខែមិថុនា ដោយកំណត់គោល ដៅទីតាំងជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងទី តាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរ និងជនស៊ីវិល។ នៅថ្ងៃទី ២២ ខែមិថុនា កងកម្លាំងសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកលើ រោងចក្រនុយក្លេអ៊ែរចំនួនបីរបស់អ៊ីរ៉ង់ គឺ Natanz, Fordow និង Isfahan។

លោក Araghchi បានបន្ដថា “វាគឺជាការវាយប្រហារ ដែលមិនបានញុះញង់ និងខុសច្បាប់ ហើយបន្ទាប់មកសហរដ្ឋអាមេរិកបានចូលរួម  ដូច្នេះវាចម្លែកណាស់ដែលនៅកណ្តាលការចរចា ពួកគេបានសម្រេចចិត្តវាយប្រហារយើង នោះបានក្លាយជាបទពិសោធន៍ដ៏អាក្រក់មួយសម្រាប់យើង”។

លោកបានកត់សម្គាល់ថា បន្ទាប់ពីជម្លោះរយៈពេល ១២ ថ្ងៃ ជាមួយអ៊ីស្រាអែល លោកបានបន្តផ្លាស់ប្តូរ ទស្សនៈជាមួយលោក Witkoff ។ លោកបានលើកឡើងថា ខណៈពេលដែលភាគីសហរដ្ឋអាមេរិកទទូចឱ្យបន្តការចរចា ខ្លួនបានអនុម័តអ្វីដែលលោកពិពណ៌នាថា ជាវិធីសាស្រ្ត “ខុសខ្លាំងណាស់”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top