ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា ថ្កោលទោសអាមេរិក ចំពោះការរឹបអូសនាវាដឹកប្រេង មួយគ្រឿងទៀតរបស់ខ្លួន

ការ៉ាកាស ៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានថ្កោលទោសអ្វីដែលខ្លួនហៅថា “ការលួច និងចាប់ជំរិត” នាវាឯកជនមួយគ្រឿង ដែលដឹកជញ្ជូនប្រេង របស់វេណេស៊ុយអេឡា រួមជាមួយនឹងការបាត់ខ្លួនដោយបង្ខំនៃក្រុមនាវិករបស់ខ្លួន ដែលត្រូវបានចោទប្រកាន់ថា បានធ្វើឡើងដោយកងកម្លាំងយោធាអាមេរិកនៅក្នុងដែនទឹកអន្តរជាតិ។

អាជ្ញាធរបានពិពណ៌នាអំពីឧប្បត្តិហេតុនេះថា ជាទង្វើចោរសមុទ្រដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងធ្វើឱ្យខូចគោលការណ៍ជាមូលដ្ឋាន នៃសេរីភាពនៃការធ្វើនាវាចរណ៍ និងពាណិជ្ជកម្មតាមសមុទ្រ។ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ សកម្មភាពនេះបានរំលោភលើឧបករណ៍ ច្បាប់អន្តរជាតិ ដែលការពារសុវត្ថិភាពតាមសមុទ្រ ក៏ដូចជាបទដ្ឋានស្នូលដែលមានចែង ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាពហុភាគីផ្សេងទៀត។

រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក លោកស្រី Kristi Noem បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា កងកម្លាំងអាមេរិកបានរឹបអូសនាវានេះ នៅឯឆ្នេរសមុទ្រ វេណេស៊ុយអេឡា កាលពីព្រឹកថ្ងៃដដែលនោះ ។ នេះជាលើកទីពីរហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលសហរដ្ឋអាមេរិកបានរឹបអូសនាវា ដឹកប្រេងមួយគ្រឿងនៅជិតប្រទេសវេណេស៊ុយអេឡា ចំពេលមានការកសាងយោធា អាមេរិកយ៉ាងច្រើននៅក្នុងតំបន់។

ការរឹបអូសនេះក៏កើតឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យបិទផ្លូវនាវា​ ដឹកប្រេងទាំងអស់ ដែលសហរដ្ឋអាមេរិកអនុញ្ញាត ចូល និងចាកចេញពីប្រទេសវេណេស៊ុយអេឡា៕

To Top