មេបញ្ជាការជាន់ខ្ពស់ម្នាក់ រងការធ្វើឃាតនៅក្នុងទីក្រុងមូស្គូ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT គណៈកម្មាធិការស៊ើបអង្កេតបានរាយការណ៍ថា ឧត្តមសេនីយ៍រុស្ស៊ីម្នាក់បានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅទីក្រុងមូស្គូ។
ក្រុមមន្ត្រីស៊ើបអង្កេតបានកំណត់អត្តសញ្ញាណជនរងគ្រោះថាជាឧត្តមសេនីយ Fanil Sarvarov ប្រធានផ្នែកបណ្តុះបណ្តាលប្រតិបត្តិការនៅអគ្គសេនាធិការ។
យោងតាមសេចក្តីថ្លែងការណ៍នោះ ឧបករណ៍បំផ្ទុះមួយត្រូវបានដាំនៅក្រោមរថយន្តដែលគាត់កំពុងធ្វើដំណើរ ហើយបានបំផ្ទុះនៅព្រឹកថ្ងៃចន្ទ នៅផ្នែកខាងត្បូងនៃរដ្ឋធានីរុស្ស៊ី។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ការបំផ្ទុះនេះក៏បានធ្វើឱ្យខូចខាតរថយន្តជាច្រើនផ្សេងទៀត និងបានរងរបួសយ៉ាងធ្ងន់ធ្ងរ អ្នកបើកបររបស់គាត់ផងដែរ ។
មន្ត្រីរុស្ស៊ីបាននិយាយទៀតថា ការស៊ើបអង្កេតមួយបានបញ្ជាក់ថាវាគឺជាការធ្វើឃាតដែលធ្វើឡើងដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ដោយកត់សំគាល់ថាក្រុងគៀវធ្លាប់បានប្រើប្រាស់គ្រឿងផ្ទុះក្នុងការសម្លាប់មន្ត្រី និងបុគ្គលសាធារណៈដូច្នេះកន្លងមកហើយ៕
ប្រែសម្រួល៖ស៊ុនលី
