ការប៉ះទង្គិចគ្នាដ៏សាហាវមួយនៅកណ្តាលទីក្រុងអាឡេប៉ូបណ្តាលឲ្យមានស្លាប់ ២នាក់និងរបួសច្រើននាក់
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ការប៉ះទង្គិចគ្នាយ៉ាងសាហាវបានផ្ទុះឡើងនៅក្នុងទីក្រុងអាឡេប៉ូភាគខាងជើងប្រទេសស៊ីរីរវាងកងទ័ពរដ្ឋាភិបាលក្រុងដាម៉ាស និងកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយក្រុមឧទ្ទាមឃឺដឬSDFដោយភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះឧបទ្ទវហេតុនេះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា យ៉ាងហោចណាស់ជនស៊ីវិលពីរនាក់ត្រូវបានសម្លាប់ ចំពេលការប្រយុទ្ធគ្នា ហើយជាច្រើននាក់ទៀតបានរងរបួស នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA ដោយដកស្រង់សម្តីពីអាជ្ញាធរសុខាភិបាលរបស់ទីក្រុង។
ក្រសួងមហាផ្ទៃស៊ីរីបានកំណត់ការស្តីបន្ទោសចំពោះឧប្បត្តិហេតុលើ SDF ដោយអះអាងថាអ្នកប្រយុទ្ធជាមួយក្រុមនេះ បានប្រព្រឹត្តអំពើក្បត់ជាតិ ប្រឆាំងនឹងកងកម្លាំងសន្តិសុខដែលគ្រប់គ្រងដោយទីក្រុង Damascus ។
អង្គភាព SDF កាលពីថ្ងៃចន្ទត្រូវបានចោទប្រកាន់ថាបានដកខ្លួនចេញពីប៉ុស្តិ៍ត្រួតពិនិត្យជាច្រើននៅជុំវិញសង្កាត់ Ashrafieh និង Sheikh Maqsoud ។ នេះបើតាមក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រុមយុទ្ធជនបានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យ និងតំបន់លំនៅឋានជុំវិញ។
គួរឲ្យដឹងដែរថារដ្ឋាភិបាលស៊ីរី ដែលកើតឡើងបន្ទាប់ពីប្រធានាធិបតី Bashar al-Assad ត្រូវបានផ្តួលរំលំកាលពីចុងឆ្នាំមុន បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមប្រឹក្សារបស់ក្រុមKurdish ក្នុងទីក្រុង Aleppo កាលពីខែមេសា។ តំបន់ទាំងនោះត្រូវបានដាក់នៅក្រោមអាជ្ញាធរក្រុងដាម៉ាស ខណៈដែលរក្សាបានកម្រិតស្វ័យភាពនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី
