ព័ត៌មានអន្តរជាតិ

FCC របស់អាមេរិក ហាមឃាត់ដ្រូន ដែលផលិតដោយប្រទេសចិន ដោយសារតែហានិភ័យផ្នែកសន្តិសុខ

បរទេស៖ គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) កាលពីថ្ងៃចន្ទបាននិយាយថា ខ្លួននឹងហាមឃាត់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ដែលផលិតដោយបរទេសថ្មី ដែលជាវិធានការមួយនឹងរក្សាយន្តហោះ គ្មានមនុស្សបើកដែលផលិតនៅប្រទេសចិនថ្មីៗ ដូចជារបស់ DJI និង Autel ចេញពីទីផ្សារសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីប្រកាសនេះបានធ្វើឡើង មួយឆ្នាំបន្ទាប់ពីសភាបានអនុម័តច្បាប់ការពារជាតិ ដែលបានលើកឡើងពីកង្វល់សន្តិសុខជាតិអំពីយន្តហោះគ្មានមនុស្សបើកដែលផលិតដោយចិន ដែលបានក្លាយជាតួអង្គលេចធ្លោនៅ ក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យកសិកម្ម ការធ្វើផែនទី ការអនុវត្តច្បាប់ និងការផលិតភាពយន្ត។

សេចក្តីព្រាងច្បាប់នេះបានអំពាវនាវ ឱ្យបញ្ឈប់ក្រុមហ៊ុនចិនទាំងពីរពីការលក់យន្តហោះគ្មានមនុស្សបើកថ្មីនៅសហរដ្ឋអាមេរិក ប្រសិនបើការពិនិត្យឡើងវិញ បានរកឃើញថា យន្តហោះដ្រូនទាំងនោះបង្កហានិភ័យដល់សន្តិសុខជាតិអាមេរិក។ ថ្ងៃផុតកំណត់សម្រាប់ការពិនិត្យឡើងវិញគឺថ្ងៃទី ២៣ ខែធ្នូ។

FCC បាននិយាយកាលពីថ្ងៃច័ន្ទថា ការត្រួតពិនិត្យបានរកឃើញថា យន្តហោះគ្មានមនុស្សបើក និងសមាសធាតុសំខាន់ៗទាំងអស់ ដែលផលិតក្នុងប្រទេសបរទេស មិនត្រឹមតែដោយក្រុមហ៊ុនចិន ទាំងពីរប៉ុណ្ណោះទេ ដែលបង្ក “ហានិភ័យដែលមិនអាច ទទួលយកបានចំពោះសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក និង សុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនអាមេរិក”។ ប៉ុន្តែ FCC បាននិយាយថា យន្តហោះគ្មានមនុស្សបើក ឬធាតុផ្សំជាក់លាក់នឹង ត្រូវបានលើកលែង ប្រសិនបើមន្ទីរបញ្ចកោណ ឬនាយកដ្ឋានសន្តិសុខមាតុភូមិបានកំណត់ថា ដ្រូនទាំងនោះមិនបង្កហានិភ័យបែបនេះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top