ធ្លាក់យន្តហោះឯកជនមួយ នៅតួកគីជាមួយនឹងក្រុមមន្ត្រីជាន់ខ្ពស់លីប៊ី ជាច្រើននាក់
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យន្តហោះឯកជន Dassault Falcon 50 ដែលកំពុងដឹកមន្ត្រីយោធាជាន់ខ្ពស់លីប៊ី បានធ្លាក់កាលពីល្ងាចថ្ងៃអង្គារ ភាគនិរតីនៃទីក្រុងអង់ការ៉ានៃប្រទេសតួគី។
រដ្ឋមន្ត្រីមហាផ្ទៃតួគី លោក Ali Yerlikaya បានបញ្ជាក់ថា សេវាកម្មជើងគោករបស់ប្រទេសនេះ បានបាត់ការទាក់ទងជាមួយយន្តហោះប្រហែល៤០នាទី បន្ទាប់ពីវាបានហោះចេញពីអាកាសយានដ្ឋាន Esenboga របស់ទីក្រុងអង់ការ៉ា។ មុនពេលទំនាក់ទំនងឈប់ យន្តហោះបានស្នើសុំចុះចតជាបន្ទាន់ផងដែរ។
រដ្ឋមន្ត្រីបាននិយាយថា យន្តហោះនោះមានអ្នកដំណើរ៥នាក់នៅលើនោះ រួមទាំងអគ្គសេនាធិការលីប៊ី លោកឧត្តមសេនីយ Muhammad Ali Ahmed al-Haddad ផងដែរ ។
នៅក្នុងសេចក្តីថ្លែងការណ៍តាមដានមួយ រដ្ឋមន្ត្រីបាននិយាយថា ក្រុមបុគ្គលិកសង្គ្រោះបន្ទាន់បានរកឃើញកំទេចកំទីរបស់យន្តហោះ ហើយក្រោយមកក៏បានបញ្ជាក់ពីការធ្លាក់នេះ។
ខ្សែវីដេអូ CCTV ដែលផ្សព្វផ្សាយតាមអ៊ិនធរណេត ដើម្បីបង្ហាញពីការផ្ទុះដ៏ធំដែលបំភ្លឺផ្ទៃមេឃនៅពីលើរដ្ឋធានីតួគី ហើយគេជឿថាមានទំនាក់ទំនងនឹងការធ្លាក់យន្តហោះ។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើការផ្ទុះក្នុងរូបភាព បានកើតឡើងនៅកណ្តាលអាកាស ឬនៅលើដីនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
