ព័ត៌មានអន្តរជាតិ

ផែនការអភិវឌ្ឍន៍​ របស់ប្រទេសចិន បង្កើនកាលានុវត្តភាព កិច្ចសហប្រតិបត្តិការសកល

«ផែនការ៥ឆ្នាំ» គឺជាផែនការអភិវឌ្ឍន៍ របស់ចិនក្នុងបរិបទសកល ដែលមិនត្រឹមតែជាការកសាងសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវបរិយាប្នន ឱកាស និង សហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដែលមានប្រយោជន៍រួមសម្រាប់បណ្តាប្រទេសនានា ស្របតាមកិច្ចកសាងសហគមន៍ ដែលមានវាសនារួមគ្នា ជាក់ស្តែងតាមរយៈគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ រួមជាមួយគំនិតផ្តួចផ្តើមសកលទាំង៤ ដែលបានផ្តួចផ្តើមនិងប្រតិបត្តិរួមគ្នាជាមួយចិន បានក្លាយជាយុទ្ធសាស្រ្តសកល ក្នុងការកំណត់ផែនការអភិវឌ្ឍទ្វេភាគីនិងពហុភាគីបានយ៉ាងល្អប្រសើរ និងប្រកបដោយចរីភាពយូរអង្វែង សម្រាប់ពិភពលោក ។

«ផែនការ៥ឆ្នាំ» គឺជារចនាសម្ព័ន្ធគំនិត ដែលធ្វើឱ្យការអភិវឌ្ឍចិន មាននិរន្តរភាពដែលជាកត្តាលីករ ដ៏សំខាន់និងចាំបាច់ នៅក្នុងការធ្វើទំនើបកម្មសង្គមនិយម តាមបែបផែនចិន ដោយគោលនយោបាយរបស់ប្រទេសចិន មានការតភ្ជាប់គ្នាពីមួយដំណាក់កាល ទៅដំណាក់កាលក្រោយៗទៀត បើទោះបីជាពិភពលោកមានការប្រែប្រួលបែបណាក៏ដោយ។ ជាក់ស្តែង ផែនការ៥ឆ្នាំលើកទី១ដល់លើកទី៥ (ឆ្នាំ១៩៥៣-ឆ្នាំ១៩៨០) ជាដំណាក់កាលដែលប្រទេសចិនប្រឹងស្ថាបនាជាតិ និងបង្កើនល្បឿនឆ្ពោះទៅរកការសម្រេចបានឧស្សាហកម្មជឿនលឿន ហើយដំណាក់កាលទី២ ដោយរាប់ពីផែនការ៥ឆ្នាំលើកទី៦ ដល់លើកទី១១ (ឆ្នាំ១៩៨១-ឆ្នាំ២០១០) ជាដំណាក់កាល នៃការកែទម្រង់បើកចំហ សេរីសេដ្ឋកិច្ច ទីផ្សារ បង្កើនខ្សែច្រវាក់ផ្គត់ផ្គង់ ដ៏ធំសម្រាប់ទីផ្សារពិភពលោក ព្រមទាំងជាការលោតផ្លោះ ទៅសម្រេចបានភាពម្ចាស់ការ និងឈានមុខលើវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តរហូតដល់លំហអាវកាស ដើម្បីឈានទៅបន្តចាក់ ឬសក្លាយជាប្រទេសនាំមុខខ្លាំង លើគ្រប់វិស័យ ជាពិសេសវិស័យបរិស្ថាន អរិយធម៌អេកូឡូស៊ី ដោយបានចេញដំណើរពីផែនការ ៥ឆ្នាំលើកទី១២ដល់លើកទី១៤(ឆ្នាំ២០១១-ឆ្នាំ២០២៥)។ ប្រសិនជាយើងក្រឡេកទៅមើល សមិទ្ធផលក្នុងឆ្នាំ២០២៥នេះ យើងនឹងឃើញថាមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាពត្រូវបានពង្រឹង ដោយសេដ្ឋកិច្ចចិន បន្តដំណើរការកំណើនយ៉ាងតិច៥% ដែលជាតួលេខកំណើនដ៏ខ្ពស់ទាំងនៅតំបន់អាស៊ី ទាំងនៅក្នុងពិភពលោក ហើយវឌ្ឍនភាពសេដ្ឋកិច្ចរបស់ចិន នេះបានឲ្យផ្តល់ផលវិជ្ជមានដល់កាលានុវត្តភាព នៃកំណើនសេដ្ឋកិច្ចសកល ដោយចាប់ពីឆ្នាំ២០០៦មក ប្រទេសចិនបានក្លាយជាប្រទេសរួម ចំណែកដ៏ធំបំផុត ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នាដោយអត្រារួម ចំណែកជាមធ្យម ចំពោះកំណើនសេដ្ឋកិច្ច ពិភពលោកគឺលើសពី៣០% ហើយកំណើននេះនឹងបន្តកើនជាលំដាប់ ក្រោយពេលដែលកំពង់ផែពាណិជ្ជកម្មសេរីហៃណានត្រូវបានដាក់ឱ្យដំណើរការ។

«ផែនការ៥ឆ្នាំ»គឺជាការរៀបចំច្បាស់លាស់នូវផែនការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ ដែលជាស្នូលនៃគំរូអភិបាលកិច្ចរបស់ចិន ហើយវាក៏ជាឧត្តមភាពដ៏លេចធ្លោ នៃ«អភិបាលកិច្ចចិន» ដែលឆ្លុះបញ្ចាំងពីបទពិសោធន៍ដ៏សំខាន់របស់បក្សកុម្មុយនិស្តចិនក្នុងការគ្រប់គ្រងប្រទេស និងឧត្តមភាពនយោបាយនៃប្រព័ន្ធ សង្គមនិយមបែបផែនចិន។ ដោយឈរលើចក្ខុវិស័យដ៏ច្បាស់លាស់របស់ខ្លួន ប្រទេសចិនបាននិងកំពុងបោះជំហាន យ៉ាងស្វាហាប់នៅក្នុងការដំណាក់កាលថ្មីគឺការរចនា«ផែនការ៥ឆ្នាំ លើកទី១៥» សម្រាប់ប្រទេសចិនក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងបញ្ចេញកម្លាំងពេញលេញដើម្បីសម្រេចបាននូវទំនើបកម្មសង្គមនិយមជាមូលដ្ឋានដែលមានសារៈសំខាន់ក្នុងការតភ្ជាប់អតីតកាលនិងអនាគត ព្រមទាំងនឹងឆ្លៀតបង្កើនកាលានុវត្តភាពដោយបន្តជំរុញទំនើបកម្មតាមបែបផែនចិន ប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការនិងការបើកចំហ និងរួមគ្នាជាមួយបណ្តាប្រទេសនានាដើម្បីបន្តសរសេរទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះស្របតាមប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍វាសនារួមគ្នាក្នុងយុគសម័យថ្មី។

«ផែនការ៥ឆ្នាំ»គឺជាការកំណត់គោលដៅសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយចាប់ពីឆ្នាំ២០២៦ ផែនការ៥ឆ្នាំលើកទី១៥ នឹងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលសម្រេចបានលទ្ធផល លើកកម្ពស់ភាព ជាម្ចាស់ការលើបច្ចេកវិទ្យា បន្តការកែទម្រង់ស៊ីជម្រៅគ្រប់ជ្រុង ជ្រោយនៅក្នុងរបត់ថ្មី ពង្រីកកម្រិតអរិយធម៌សង្គមយ៉ាងសកម្ម បង្កើនគុណភាពជីវិតប្រជាជន ដោយនឹងបន្តការកែលម្អជាលំដាប់ ពង្រឹងការកសាងប្រទេសចិនដ៏ស្រស់ស្អាតឱ្យសម្រេចបាន វឌ្ឍនភាពសំខាន់ថ្មីៗ និងបន្ថែមរបាំងការពារសន្តិសុខជាតិ កាន់តែរឹងមាំខ្លាំងក្លា។ ចក្ខុវិស័យប្រាកដប្រជា បង្កើនមាគ៌ា កាន់តែប្រត្យក្សដល់ប្រទេសចិន ដែលតែងប្រកាន់ខ្ជាប់នូវការយកការកសាង សេដ្ឋកិច្ចជាស្នូល យកការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាប្រធានបទ យកការកែទម្រង់ និងនវានុវត្តន៍ជាកម្លាំងចលករ យកការបំពេញតម្រូវការជីវិតដ៏ល្អប្រសើរ របស់ប្រជាជន ជាគោលបំណង យកការគ្រប់គ្រងបក្សឱ្យបានតឹងរ៉ឹងជាការធានា ដើម្បីជំរុញសេដ្ឋកិច្ចឱ្យមានការកើនឡើង នូវគុណភាពប្រកបដោយប្រសិទ្ធភាព និងបរិមាណប្រកបដោយសមហេតុផល ព្រមទាំងជំរុញការអភិវឌ្ឍធនធានមនុស្ស គ្រប់ជ្រុងជ្រោយ និងវិបុលភាពរួមរបស់ប្រជាជន ដើម្បីធានាថា នឹងសម្រេចបានជាមូលដ្ឋាន នូវទំនើបកម្មសង្គមនិយមនៅឆ្នាំ២០៣៥ តាមការគ្រោងទុក ជាក់ស្តែង សេដ្ឋកិច្ចប្រទេសចិនផ្អែកលើគ្រឹះដ៏រឹងមាំបានបង្កើនគុណសម្បត្តិជាច្រើន ពង្រឹងភាពធន់ និងពន្លាត សក្តានុពលដ៏អស្ចារ្យជាមួយ និងលក្ខខណ្ឌគាំទ្រ និងនិន្នាការជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍវិជ្ជមានរយៈពេលវែង ជាមួយគុណសម្បត្តិនៃទីផ្សារដ៏ធំសម្បើម គុណសម្បត្តិ នៃប្រព័ន្ធឧស្សាហកម្មពេញលេញ និងគុណសម្បត្តិនៃធនធានមនុស្សដ៏សម្បូរបែប កំពុងកាន់តែលេចធ្លោឡើង ដែលរួមបញ្ចូលគ្នានៅក្នុងគុណសម្បត្តិ នៃប្រព័ន្ធសង្គមនិយមតាមបែបផែនចិនចិន។

«ផែនការ៥ឆ្នាំ»ដែលជាចក្ខុវិស័យរយៈពេល វែងប្រកបដោយទឡ្ហីករណ៍វិទ្យាសាស្រ្ត និងជាត្រីវិស័យប្រកបដោយសូចនាករ ឌីជីថលវាស់វែងបានយ៉ាងសុក្រឹត ព្រមទាំងជាប៉ាតង់ផ្តាច់មុខ របស់ប្រទេសចិនក្នុងការត្រួសត្រាយមាគ៌ានៃការអភិវឌ្ឍរបស់ប្រទេសចិន ជាក់ស្តែងក្នុងរយៈពេលជាង៤ ទសវត្សរ៍ចុងក្រោយ ប្រទេសចិនបានក្លាយពីប្រទេសទន់ខ្សោយមួយ ទៅជាប្រទេសមហាអំណាច សេដ្ឋកិច្ចធំទី២លើពិភពលោក ជាមួយនិងអត្រា កំណើនសេដ្ឋកិច្ចមានស្ថេរភាព និងជាជ័យលាភីក្នុងការលុបបំបាត់ភាពក្រីកក្រ ស្របតាមគោលដៅទី១ប្រចាំសតវត្សរ៍របស់ខ្លួន ។ ភាពជោគជ័យនេះ ទាំងអ្នកស្រាវជ្រាវជាតិ ទាំងអ្នកស្រាវជ្រាវបរទេស សុទ្ធតែបានផ្តល់លទ្ធផលនៃការវិភាគដោយផ្តល់ទឡ្ហីករណ៍ពីចក្ខុវិស័យយុទ្ធសាស្ត្ររយៈវែង និងប្រព័ន្ធផែនការអភិវឌ្ឍស៊ីសង្វាក់របស់ប្រទេស ចិនដោយមានប្រជាជាតិចិនទាំងមូលបានរួបរួមគ្នា ជាឯកច្ឆ័ន្ទនាំប្រទេសចិនក្លាយជាមូលដ្ឋាននៃ ១-ការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយចីរភាពនិងភាពធន់មុន ការមកដល់នៃរបៀបវារៈរបស់អង្គការសហប្រជាជាតិ ២-សង្គមប្រកបដោយវិបុលភាពនៃជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ៣-បរិស្ថានប្រកបដោយភាពរស់រវើកនៃបៃតងភាពដោយបានក្លាយជាប្រទេសដែលមានធនធានព្រៃឈើកើនឡើងច្រើនបំផុតនិងមានទំហំដាំដើមឈើធំបំផុតនៅទូទាំងពិភពលោក និង ៤-ឥទ្ធិពលវិជ្ជមានដ៏អស្ចារ្យនៅលើឆាកអន្តរជាតិប្រកបដោយមោទកភាពក្នុងនាមជាជើងឯកស្នេហាសន្តិភាពនិយម។
ជារួម ផែនការអភិវឌ្ឍន៍របស់ប្រទេសចិន ពិតជាបានផ្តល់ទំនុកចិត្តដល់ពិភពលោកយល់ស្របគ្នាថា «ដើរជាមួយចិន គឺដើរជាមួយឱកាស ជឿជាក់លើចិន គឺជឿជាក់លើអនាគត» ហើយនេះជាចក្ខុវិស័យដ៏សំខាន់របស់ប្រទេសចិននៅក្នុងចរន្តនៃការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិនដោយ ១-មានការតភ្ជាប់គ្នារវាងសេដ្ឋកិច្ច–បច្ចេកវិទ្យា–សង្គម–បរិស្ថាន ២-ការរៀបចំផែនការយ៉ាងល្អធ្វើសម្រាប់ជាត្រីវិស័យដល់ការអនុវត្តគោលដៅបានពិតប្រាកដ ៣-ការអភិវឌ្ឍកើតឡើងលើមូលដ្ឋាន វិទ្យាសាស្ត្រ-បច្ចេកវិទ្យាប្រកបដោយគុណភាពខ្ពស់ដែលមានសូចនាករអាចវាស់វែងបាន ៤-ការសម្របសម្រួលនយោបាយ ដែលមានភាពរឹងមាំស្ថិតស្ថេរឈរលើប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល និង៥-ការបង្កើនកិច្ចលើកកម្ពស់បច្ចេកវិទ្យា ដែលកត្តាទាំង៥នេះនឹងបង្កើនកាលានុវត្តភាពកិច្ចសហប្រតិបត្តិការសកល៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

To Top