សេដ្ឋកិច្ចព្រិលទឹកកក ៖ សក្តានុពលថ្មី នៃកំណើនសេដ្ឋកិច្ចជាតិចិន
កាលពីអតីតកាល តំបន់ជាច្រើននៅភាគឦសានរបស់ប្រទេសចិនតែងមានទិដ្ឋភាពស្ងប់ស្ងាត់ក្នុងរដូវរងា ពោលគឺស្ងាត់ទាំងទេសចរ ស្ងាត់ទាំងពលរដ្ឋក្នុងសហគមន៍ ដោយភាគច្រើនសម្ងំនៅតែក្នុងផ្ទះ ជាពិសេសប្រជាកសិករទូទៅមិនអាចធ្វើស្រែចម្ការបានដោយសារសីតុណ្ហភាពរងាខ្លាំង ។ ប៉ុន្តែបច្ចុប្បន្ននេះ ទោះជាស្ថិតក្នុងសីតុណ្ហភាព ក្រោមសូន្យ២០ ,៣០ ឬ សឹងតែ៤០ អង្សាសេក៏ដោយ ក៏រមណីយដ្ឋាននានា នៅតំបន់ភាគឦសាន នៃប្រទេសចិនមានសភាព«ក្តៅគគុក» ពោល គឺមានភ្ញៀវទេសចរ ណែនណាន់តាន់តាប់រីករាយ ជាមួយនឹងផលិតផលទេសចរណ៍ ព្រិលទឹកកក ដែលត្រូវគេហៅថា«សេដ្ឋកិច្ចព្រិលទឹកកក» ។

និយាយដល់សេដ្ឋកិច្ចព្រិលទឹកកក យើងមកស្វែងយល់អំពីដំណើរវិវត្តន៍របស់វានៅក្នុងប្រទេសចិន ៖ នៅទសវត្សរ៍ឆ្នាំ៦០ នៃសតវត្សរ៍ទី២០ ក្រុង ហាអឺពីន ទីរួមខេត្ត ហីឡុងជាំង បានរៀបចំពិធីកម្សាន្តក្នុងសួនព្រិលទឹកកក ដែលជារូបរាងដំបូងនៃសេដ្ឋកិច្ចព្រិលទឹកកករបស់ចិន ។ ឆ្នាំ១៩៩៨ ក្រុង ហាអឺពីន បានរៀបចំបុណ្យជិះស្គីលើព្រិល ដែលបានធ្វើឱ្យទីក្រុងមួយនេះចាប់ផ្តើមក្លាយជារមណីយដ្ឋានទេសចរណ៍ព្រិលទឹកកកល្បីឈ្មោះនៅប្រទេសចិន ។ ឆ្នាំ២០១៥ ក្នុងខណៈដែលក្រុងប៉េកាំង បានស្នើសុំរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ដោយជោគជ័យ សេដ្ឋកិច្ចព្រិលទឹកកក របស់ចិនទទួលបានកាលានុវត្តភាពអភិវឌ្ឍន៍ដែលពុំធ្លាប់មាន ពោលគឺទំហំឧស្សាហកម្មសេដ្ឋកិច្ចព្រិលទឹកកកបានកើនឡើងពី២៧០ ប៊ីលានយាន់ប្រាក់ចិននៅឆ្នាំ២០១៥ រហូតដល់៩៧០ ប៊ីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៤ ហើយនឹងកើនលើស១ ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៥ នេះ ។
បើតាមលិខិតរបស់ការិយាល័យក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដែលប្រកាសនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋាភិបាលចិននឹងខិតខំជំរុញសេដ្ឋកិច្ចព្រិលទឹកកក ឱ្យក្លាយជាចន្ទល់ថ្មី នៃកំណើនសេដ្ឋកិច្ចជាតិ ពោលគឺបើតាមផែនការ ទំហំសរុបនៃសេដ្ឋកិច្ចព្រិលទឹកកកនឹងឡើងដល់១.២ ទ្រីលានយាន់ប្រាក់ចិន នៅឆ្នាំ២០២៧ លុះដល់ឆ្នាំ២០៣០ នឹងមានទំហំសរុបលើសពី១.៥ ទ្រីលានយាន់ប្រាក់ចិន ។
ការទាញយកផលប្រយោជន៍ ពីធនធាន ព្រិលទឹកកកធម្មជាតិ ដើម្បីបង្កើតជាផលិតផលទេសចរណ៍ ពិសេសប្រចាំរដូវរងា បានធ្វើឱ្យផលិតផលទេសចរណ៍ របស់ចិនកាន់តែសម្បូរបែប ពិសេសតំបន់ភាគឦសាននិងខាងជើង ដែលគ្របដណ្តប់ដោយព្រិលទឹកកក បើមិនច្នៃប្រឌិតធនធានធម្មជាតិនេះ ឱ្យកើតជាប្រយោជន៍ ខាងសេដ្ឋកិច្ចទេ នោះនឹងត្រូវខាតបង់ចំណូលខាងវិស័យទេសចរណ៍យ៉ាងច្រើនក្នុងរដូវរងា ។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានផ្តល់អនុសាសន៍ណែនាំជាច្រើន លើកថា «ដែនដីដែលគ្របដណ្តប់ដោយព្រិលទឹកកក ក៏ជាភ្នំមាសភ្នំប្រាក់» ដែលមានន័យថា ត្រូវប្រើប្រាស់ធនធានព្រិលទឹកកក ធម្មជាតិដើម្បីបង្កើតជាទ្រព្យសម្បត្តិ ។
ប៉ុន្មានឆ្នាំចុងក្រោយ នេះ ផ្អែកលើធនធានព្រិលទឹកកកដ៏សម្បូរបែប និងមានលក្ខណៈពិសេស តំបន់ភាគឦសានរបស់ចិន បានច្នៃប្រឌិតនិង បញ្ចេញផលិតផល ទេសចរណ៍រដូវរងាកាន់តែច្រើនឡើងៗ ពោលគឺបានវិវឌ្ឍទៅជារូបមន្ត«ទេសចរណ៍វប្បធម៌+កីឡាកម្សាន្ត» ចាប់ពីការដើរទស្សនាទេសភាពធម្មជាតិ ដែលគ្របដណ្តប់ដោយព្រិលទឹកកក ដល់ការទស្សនាចម្លាក់ទឹកកក រហូតដល់ការដកបទពិសោធ ជាមួយនឹងវប្បធម៌ព្រិលទឹកកកឬកីឡាកម្សាន្តព្រិលទឹកកកដោយផ្ទាល់ ដូចជាការជិះស្គី , ការស្ទូចត្រីលើបឹងឬទន្លេទឹកកក និងការឡើងភ្នំព្រិលជាដើម ។ «ផលិតផលទេសចរណ៍ព្រិលទឹកកកប្រពៃណី+ផលិតផលទេសចរណ៍ច្នៃប្រឌិតថ្មី» មិនត្រឹមតែបានជំរុញដល់ការប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានជំរុញដល់ការអភិវឌ្ឍ នៃឧស្សាហកម្មផលិត សម្ភារៈពាក់ព័ន្ធ និងសេវាកម្មទេសចរណ៍ជាដើមដែលបង្កើត បានជាខ្សែចង្វាក់ឧស្សាហកម្មសេដ្ឋកិច្ចព្រិលទឹកកក ដ៏ពេញលេញ ។
ក្រុង ហាអឺពីន ទីរួមខេត្ត ហីឡុងជាំង ដែលស្ថិតនៅភាគឦសានប្រទេសចិនជាតំបន់គំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកករបស់ប្រទេសចិន ។ «សួនពិភពលោកព្រិលទឹកកក»ដែលបើកទទួលភ្ញៀវរៀងរាល់រដូវរងា បានក្លាយជា«នាមបណ្ណមាស»នៃឧស្សាហកម្មទេសចរណ៍រដូវរងារបស់ក្រុង ហាអឺពីន ដែលបានបង្កើនចំណូល សេដ្ឋកិច្ចច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់រដ្ឋបាលតំបន់និងពលរដ្ឋនៅតំបន់ជុំវិញ ។ «ចម្លាក់ទឹកកក+បច្ចេកវិទ្យាភ្លឺ ពណ៌វៃឆ្លាត+អន្តរកម្មAI»បានផ្តល់ជូនទេសចរនូវទស្សនីយភាពវប្បធម៌ប្រពៃណីចិន+បច្ចេកវិទ្យា ដែលបានទាក់ទាញទេសចរគ្រប់វ័យនិងគ្រប់ជាតិសាសន៍ គ្រាន់តែបើកទ្វារថ្ងៃទីមួយ សួនកម្សាន្តនេះក៏ទទួលបានភ្ញៀវទេសចរ ជាង៤.៥ ម៉ឺននាក់ ។ តាមទិន្នន័យស្ថិតិ សេដ្ឋកិច្ចព្រិលទឹកកកបាន រួមចំណែករហូតដល់ទៅជិត ៣០% នៃទំហំផលិតផលក្នុងស្រុកសរុបរបស់ក្រុង ហាអឺពីន ក្នុងឆ្នាំ២០២៤ ដែលបានបង្ហាញពីភាពចាស់ ទុំនិងប្រសិទ្ធភាពនៃរូបមន្តអភិវឌ្ឍន៍ សេដ្ឋកិច្ចព្រិលទឹកកករបស់ក្រុង ហាអឺពីន ។
ក្រៅពីនេះ នៅតំបន់ជាច្រើន នៃប្រទេសចិន ដែលមានធនធានព្រិលទឹកកក ក៏បានខិតខំស្វែងរកវិធីសាស្ត្រថ្មីដើម្បី អភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកកទៅតាមលក្ខខណ្ឌរបស់ខ្លួនផងដែរ តួយ៉ាងដូចជាតំបន់ស៊ីនជាំង , ម៉ុងហ្គោលីក្នុងនិងក្រុងប៉េកាំងជាដើម បាននាំគ្នាបញ្ចេញផលិតផលទេសចរណ៍ព្រិលទឹកកកថ្មីៗ ដែលធ្វើឱ្យ«China Travel»មានភាពពេញនិយមគ្រប់រដូវកាល ។
កាលពីដើម រដូវរងាត្រូវបានប្រជាជនចិនហៅថា«រដូវកាលមានទេសចរតិច» ប៉ុន្តែបច្ចុប្បន្ននេះ វាបានក្លាយជា«រដូវកាលមាសនៃវិស័យទេសចរណ៍» ។ ការងើបឡើងនៃសេដ្ឋកិច្ចព្រិលទឹកកក បានជំរុញការងើបឡើងនៃវិស័យពាក់ព័ន្ធ គិតត្រឹមតែក្នុងឆ្នាំ២០២៤ ក៏មានសហគ្រាសប្រកបអាជីពពាក់ព័ន្ធនឹងវិស័យទេសចរណ៍ព្រិលទឹកកកចំនួនជាង១.៣ ម៉ឺនសហគ្រាសដែលកើនឡើង១៧% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ។
ក្នុងដំណើរការអភិវឌ្ឍន៍«សេដ្ឋកិច្ចព្រិលទឹកកក» នវានុវត្តន៍ខាងគោលនយោបាយបន្ស៊ីគ្នា ជាមួយតម្រូវការទីផ្សារ បានក្លាយជាកម្លាំងចលករថ្មី សម្រាប់ជំរុញទាំងការប្រើប្រាស់និង ការបង្កើន ចំណូលរបស់ប្រជាជន ។ ផលលាភដែលបានពី«ភ្នំមាសភ្នំប្រាក់»នេះ នឹងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ របស់ប្រទេសចិនជាបន្តបន្ទាប់ ក៏ដូចជាបានចែករំលែកឱកាសទីផ្សារថ្មីជាមួយ ពិភពលោកទាំងមូលផងដែរ ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន
