លោក ដូណាល់ ត្រាំ បញ្ជាក់ថា យោធាអាមេរិក វាយប្រហារលេីក្រុម IS នៅភាគពាយ័ព្យ ប្រទេសនីហ្សេរីយ៉ា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា យោធាអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លា និងសាហាវមួយប្រឆាំងនឹងរដ្ឋអ៊ីស្លាម (IS) នៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា ។
លោក ត្រាំ បានឧ្យដឹង នៅលើវេទិកាប្រព័ន្ធ ផ្សព្វផ្សាយសង្គម Truth Socialថា “យប់នេះ តាមការណែនាំរបស់ខ្ញុំ ក្នុងនាមជាមេបញ្ជាការ សហរដ្ឋអាមេរិក បានបើកការវាយប្រហារដ៏ខ្លាំងក្លា និងសាហាវមួយប្រឆាំងនឹងក្រុមភេរវករ ISIS នៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា ដែលបានកំណត់គោលដៅ និងសម្លាប់យ៉ាងសាហាវ ជាពិសេសគ្រិស្តបរិស័ទស្លូតត្រង់ ក្នុងកម្រិតដែលមិនធ្លាប់ឃើញអស់រយៈពេលជាច្រើនឆ្នាំ និងសូម្បីតែរាប់សតវត្ស!”។
លោកបានលេីកឡេីងថា “ក្រសួងកិច្ចការងារសង្គ្រាម បានអនុវត្តការវាយប្រហារដ៏ល្អឥតខ្ចោះជាច្រើន” ដោយសន្យាថាសហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឱ្យភេរវកម្មអ៊ីស្លាមរ៉ាឌីកាល់រីកចម្រើនឡើយ។
ការវាយប្រហារនេះបានកើតឡើ ងប្រហែលមួយសប្តាហ៍ បន្ទាប់ពីសហរដ្ឋអាមេរិក បានវាយប្រហារគោលដៅជាង ៧០ ដែលសង្ស័យថាមានទំនាក់ទំនង ជាមួយក្រុម IS នៅក្នុងប្រទេសស៊ីរី ដើម្បីសងសឹក ចំពោះការសម្លាប់សមាជិក សេវាកម្មអាមេរិកពីរនាក់ និងអ្នកបកប្រែម្នាក់។
នៅថ្ងៃទី ៣១ ខែតុលា លោក ត្រាំ បានអះអាង នៅលើបណ្ដាញ Truth Social ថា គ្រិស្តបរិស័ទរាប់ពាន់នាក់ កំពុងត្រូវបានសម្លាប់ នៅក្នុងប្រទេសនីហ្សេរីយ៉ាដោយ “ពួកឥស្លាមជ្រុលនិយម” ដោយប្រកាសថាប្រទេសនីហ្សេរីយ៉ាគឺជា “ប្រទេសដែលមានការព្រួយបារម្ភជាពិសេស”៕
ប្រែសម្រួល ឈូក បូរ៉ា
