ជប៉ុន បង្កេីនកញ្ចប់ការពារជាតិ ដល់កំណត់ត្រាជិត ៦០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦
តូក្យូ៖ សេចក្តីព្រាងថវិកាការពារជាតិ របស់ប្រទេសជប៉ុន ត្រូវបានកំណត់នៅកំណត់ត្រា ៩,០៤ទ្រីលានយ៉េន (ប្រហែល ៥៨ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ នៅថ្ងៃសុក្រ។

តួលេខនេះលើសពីថវិកាដំបូង ដែលបានកត់ត្រានៅពេលនោះចំនួន ៨,៧ ទ្រីលានយ៉េនសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន ២០២៥ ដែលចាប់ផ្តើមនៅខែមេសា ហើយស្របតាមផែនការ កសាងការពារជាតិរបស់ប្រទេសជប៉ុន ដើម្បីបែងចែកប្រហែល ៤៣ ទ្រីលានយ៉េន សម្រាប់ការចំណាយការពារជាតិ ចាប់ពីឆ្នាំសារពើពន្ធ ២០២៣ ដល់ឆ្នាំ ២០២៧។
ក្រោមថវិកាការពារជាតិជប៉ុនចំនួន ១០០,១ ពាន់លានយ៉េនត្រូវបានកំណត់ សម្រាប់ការសាងសង់ប្រព័ន្ធការពារឆ្នេរសមុទ្រ “Shield” ដែលតម្រូវឱ្យមានយានជំនិះផ្លូវអាកាស ដី និងក្រោមទឹកជាច្រើន ខណៈដែល ១,១ ពាន់លានយ៉េន ត្រូវបានកំណត់ ដើម្បីវាយតម្លៃ ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដែលប្រើប្រាស់បានយូរជា វិធានការប្រឆាំងនឹងការរំលោភបំពាន ដែនអាកាស។
ទន្ទឹមនឹងនេះ ថវិកាបន្ថែមចំនួន ១៨,៣ ទ្រីលានយ៉េន ដែលបានអនុម័តនៅថ្ងៃទី ១៦ ខែធ្នូ សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន រួមមាន ១,៧ ទ្រីលានយ៉េន សម្រាប់សន្តិសុខ និងការទូត ដែលអនុញ្ញាតឱ្យប្រទេសជប៉ុន នាំយកការចំណាយទាក់ទង នឹងការពារជាតិដល់គោលដៅរបស់ខ្លួនចំនួន ២ ភាគរយនៃផលិតផល ក្នុងស្រុកសរុបក្នុងឆ្នាំសារពើពន្ធ ២០២៥ ដែលលឿនជាងកាលវិភាគមុនពីរឆ្នាំ នេះបើយោងតាមរបាយការណ៍។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប្រទេសជប៉ុន បានកំណត់ថវិកា ការពារជាតិប្រចាំឆ្នាំរបស់ខ្លួននៅប្រហែល ១ភាគរយនៃផលិតផលក្នុង ស្រុកសរុប ប្រហែល ៥ទ្រីលានយ៉េន ដែលឆ្លុះបញ្ចាំងពីជំហរសន្តិភាព និយមក្រោយសង្គ្រាមរបស់ខ្លួន ក្រោមរដ្ឋធម្មនុញ្ញ ដែលបោះបង់ចោលសង្គ្រាម៕
ប្រែសម្រួល ឈូក បូរ៉ា
