ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ កំពុងវិភាគសំណើ សន្តិភាពអ៊ុយក្រែន​ បន្ទាប់ពីកិច្ចពិភាក្សា ជាមួយទីក្រុងវ៉ាស៊ីនតោន

មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា ទីក្រុងមូស្គូកំពុងវិភាគសំណើសន្តិភាពអ៊ុយក្រែន​ ដែលដាក់ដោយបេសកជន ពិសេសរបស់រុស្ស៊ី បន្ទាប់ពីកិច្ចប្រជុំថ្មីៗ របស់គាត់ជាមួយមន្ត្រីអាមេរិក។

លោក Peskov បានឧ្យដឹងថា ទីក្រុងមូស្គូកំពុងពិនិត្យមើលព័ត៌មាន ដែលផ្តល់ដោយលោក Kirill Dmitriev តំណាងប្រធានាធិបតីពិសេសរបស់រុស្ស៊ី​ សម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លើកិច្ចពិភាក្សារបស់លោក​ ជាមួយមន្ត្រីអាមេរិកនៅទីក្រុងម៉ៃអាមី​ កាលពីចុងសប្តាហ៍មុន។

លោក Peskov បានលេីកឡេីងថា “យើងកំពុងវិភាគសម្ភារៈទាំងនេះ ហើយបន្ទាប់មក ស្របតាមការសម្រេចចិត្ត របស់ប្រមុខរដ្ឋ យើងនឹងបន្តពិគ្រោះយោបល់ជាមួយភាគីអាមេរិក”។

មុននេះ លោក Peskov បានឧ្យដឹងថា លោក Dmitriev បានជម្រាបជូនប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ​ ពូទីន​ អំពីលទ្ធផលនៃដំណើរទស្សនកិច្ច របស់លោកទៅកាន់ទីក្រុងម៉ៃអាមី។

នៅថ្ងៃអាទិត្យ គណៈប្រតិភូមក ពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន​ បានធ្វើកិច្ចពិភាក្សា ដាច់ដោយឡែក ជាមួយភាគីអាមេរិក នៅរដ្ឋផ្លរីដា ។ ដូចដែលបានរាយការណ៍ដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik លោក Dmitriev បានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយថា «ក្រុមអ្នកញុះញង់ឲ្យមានសង្គ្រាម» បានបរាជ័យក្នុងការរំខានដល់កិច្ចចរចារុស្ស៊ី-សហរដ្ឋអាមេរិក៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top