ព័ត៌មានអន្តរជាតិ

លោក ហ្សេឡនស្គី​ បញ្ជាក់ថា​ លោកនឹងជួបជាមួយលោក ត្រាំ​ នៅរដ្ឋ Florida ដើម្បីពិភាក្សាអំពីការធានាសន្តិសុខ​ សម្រាប់អ៊ុយក្រែន

គៀវ៖​ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី​ បាន្យដឹងថា លោកមានគម្រោងពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ នាពេលខាងមុខ។

លោក ហ្សេឡិនស្គី​ បានប្រាប់អ្នកយកព័ត៌មានថា កិច្ចប្រជុំនេះគ្រោងនឹងធ្វើឡើងនៅរដ្ឋ Florida សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine។

លោកបានបន្ថែមថា អ៊ុយក្រែនមានបំណងលើកឡើងពីបញ្ហាទឹកដី និងការគ្រប់គ្រងលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងអំឡុងពេលចរចា។

យោងតាមលោក ហ្សេឡិនស្គី​ ផែនការសន្តិភាព ២០ចំណុចរួចរាល់​ ៩០ភាគរយ ហើយឯកសារជាច្រើនដែលគូសបញ្ជាក់ពីការធានាសន្តិសុខត្រូវបានរៀបចំឡើង។

លោកបានបន្ដថា មានភាគីចំនួនបួននៅក្នុងផែនការសន្តិភាព គឺអ៊ុយក្រែន សហរដ្ឋអាមេរិក រុស្ស៊ី និងអឺរ៉ុប ដោយបន្ថែមថា ឯកសារនេះមិនអាចចុះហត្ថលេខាដោយគ្មានរុស្ស៊ី និងអឺរ៉ុបនោះទេ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top