លោក ត្រាំ ពិភាក្សាតាមទូរស័ព្ទរយៈពេលជាង ១ម៉ោង ជាមួយប្រធានាធិបតីរុស្ស៊ី ទាក់ទងនឹងការចរចាសន្តិភាពអ៊ុយក្រែន
បរទេស៖ ជំនួយការគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង លោក Yury Ushakov បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានទូរស័ព្ទទៅកាន់សមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីបញ្ហាមួយចំនួនទាក់ទងនឹងកិច្ចចរចាសន្តិភាពអ៊ុយក្រែន មុនពេលកិច្ចប្រជុំជាមួយលោក Vladimir Zelensky ក្នុងរដ្ឋ Florida ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ថា យោងតាមលោក Ushakov ប្រធានាធិបតីទាំងពីរបានធ្វើការសន្ទនា “មិត្តភាព ការជូនពរ និងដូចអ្នកជំនួញ” ក្នុងរយៈពេលមួយម៉ោង ១៥ នាទី ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរបានបង្ហាញចំណាប់អារម្មណ៍ទៅវិញទៅមក ក្នុងការឈានទៅដល់ដំណោះស្រាយសន្តិភាពយូរអង្វែងនៅក្នុងជម្លោះអ៊ុយក្រែន ។ លោកពូទីន បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពឹងផ្អែកលើការយោគយល់គ្នារវាងប្រធានាធិបតីនៅក្នុងកិច្ចប្រជុំកំពូលនៅ Anchorage កាលពីដើមឆ្នាំនេះ។
ទាំងមេដឹកនាំរុស្ស៊ី និងអាមេរិកបានព្រមព្រៀងគ្នាថា បទឈប់បាញ់បណ្តោះអាសន្នមួយដែលត្រូវបានស្នើឡើងដោយអ៊ុយក្រែន និងអ្នកគាំទ្រអឺរ៉ុបរបស់ខ្លួន “នឹងគ្រាន់តែអូសបន្លាយជម្លោះ និងប្រថុយប្រថានដល់ការបន្តនៃអរិភាព” នេះបើយោងតាមជំនួយរបស់វិមានក្រឹមឡាំង។
លោក Ushakov បាននិយាយថា លោក ពូទីន បានយល់ព្រមចំពោះសំណើរបស់លោក ដូណាល់ ត្រាំ ដើម្បីបន្តដំណើរការដោះស្រាយដោយបង្កើតក្រុមការងារពីរដើម្បីដោះស្រាយបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច។
កាលពីព្រឹកថ្ងៃអាទិត្យ លោក ត្រាំ បានសរសេរនៅក្នុងការបង្ហោះលើ Truth Social ថា លោកមានការសន្ទនា “មានផលិតភាពខ្លាំងណាស់” ជាមួយនឹងលោក Putin។ ប្រធានាធិបតីក៏បានយល់ព្រមពិភាក្សាម្ដងទៀតបន្ទាប់ពីជំនួបរបស់មេដឹកនាំអាមេរិកជាមួយនឹងលោក Zelensky។
កាលពីថ្ងៃសុក្រលោក Zelensky បានប្រាប់ សារព័ត៌មាន Axios ថា លោករំពឹងថានឹងឈានដល់កិច្ចព្រមព្រៀងមួយស្តីពីក្របខ័ណ្ឌសន្តិភាពក្នុងអំឡុងពេលពិភាក្សា។ តាមសេចក្តីរាយការណ៍ ផែនការនេះនឹងតម្រូវឱ្យរុស្ស៊ីយល់ព្រមលើបទឈប់បាញ់មួយ មុនពេលមានដំណោះស្រាយអចិន្ត្រៃយ៍ណាមួយ។
ប្រែសម្រួលៈ ណៃ តុលា
