នាយករដ្ឋមន្ត្រីកាណាដា ប្រកាសពីការគាំទ្រ ផ្នែកហិរញ្ញវត្ថុថ្មី សម្រាប់អ៊ុយក្រែន ក្នុងជំនួបជាមួយលោក ហ្សេឡិនស្គី
អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រកាសពីការគាំទ្រ ផ្នែកហិរញ្ញវត្ថុថ្មី សម្រាប់អ៊ុយក្រែន ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតី អ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ដែលកំពុងទស្សនកិច្ច។
យោងតាមសេចក្តីប្រកាសព័ត៌មាន ពីគេហទំព័រផ្លូវការរបស់នាយករដ្ឋមន្ត្រី ការប្តេជ្ញាចិត្តចំនួន ២.៥ពាន់លានដុល្លារកាណាដា (១.១៨៣ពាន់លានដុល្លារអាមេរិក) សម្រាប់អ៊ុយក្រែន រួមមានការផ្តល់ហិរញ្ញប្បទាន ដែលនឹងអនុញ្ញាតឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ ផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ក៏ដូចជាកម្មវិធីផ្អាក សេវាកម្មបំណុល និងការធានា ប្រាក់កម្ចីផ្សេងទៀត។
លោក Carney និងលោក ហ្សេឡិនស្គី បានធ្វើកិច្ចប្រជុំទ្វេភាគី នៅទីក្រុង Halifax ប្រទេសកាណាដា ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយបំផុត នៅក្នុងកិច្ចចរចាសន្តិភាព ដែលកំពុងដំណើរការ។
លោក Carney បានបញ្ជាក់ពីការគាំទ្រ យ៉ាងពេញទំហឹងរបស់ប្រទេសកាណាដា ចំពោះអ៊ុយក្រែន។ មេដឹកនាំទាំងពីរ ក៏បានចូលរួមក្នុងការអំពាវនាវ ជាមួយមេដឹកនាំអឺរ៉ុប ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា សម្រាប់សន្តិសុខ និងការស្តារឡើងវិញរបស់អ៊ុយក្រែន។
លោក Carney បានគូសបញ្ជាក់ថា «ប្រទេសកាណាដា បានប្តេជ្ញាគាំទ្រថ្មីដល់ប្រទេសអ៊ុយក្រែន មិនត្រឹមតែ ដើម្បីជួយបញ្ចប់សង្គ្រាមនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយប្រជាជនអ៊ុយក្រែនឱ្យងើបឡើងវិញ និងកសាងឡើងវិញផងដែរ»៕
ប្រែសម្រួល ឈូក បូរ៉ា
