ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្តអាណត្តិរបស់ស្ថាប័នប្រឆាំងភេរវកម្ម
អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីបន្តអាណត្តិរបស់នាយកដ្ឋានប្រតិបត្តិនៃគណៈកម្មាធិការប្រឆាំងភេរវកម្ម (CTED) រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៩។ CTED គឺជាស្ថាប័នលេខាធិការដ្ឋានអង្គការសហប្រជាជាតិដែលជួយទីភ្នាក់ងារបុត្រសម្ព័ន្ធក្រុមប្រឹក្សាសន្តិសុខនៃគណៈកម្មាធិការប្រឆាំងភេរវកម្ម (CTC)។
សេចក្តីសម្រេចលេខ ២៨១០ ដែលត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ រូប បានសម្រេចថា CTED នឹងបន្តដំណើរការជាបេសកកម្មនយោបាយពិសេសក្រោមការណែនាំគោលនយោបាយរបស់ CTC សម្រាប់រយៈពេលថ្មី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេចក្តីសម្រេចនេះបានគូសបញ្ជាក់ថា ការវាយតម្លៃដោយអ្នកជំនាញអព្យាក្រឹតនៃការអនុវត្តសេចក្តីសម្រេចលេខ ១៣៧៣ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលបង្កើត CTC និងសេចក្តីសម្រេចលេខ ១៦២៤ ដែលអំពាវនាវឱ្យរដ្ឋជាសមាជិកចាត់ទុកការញុះញង់ឱ្យប្រព្រឹត្តអំពើភេរវកម្ម និងសេចក្តីសម្រេចពាក់ព័ន្ធផ្សេងទៀតជាបទឧក្រិដ្ឋ គឺជាមុខងារស្នូលរបស់ CTED។
គួរបញ្ជាក់ថា CTED ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០០៤។ អាណត្តិរបស់ខ្លួនត្រូវផុតកំណត់នៅចុងឆ្នាំនេះ ហើយវាត្រូវបានបន្តឡើងវិញចុងក្រោយនៅក្នុងខែធ្នូ ឆ្នាំ២០២១៕
ប្រែសម្រួល ឈូក បូរ៉ា
